សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ខ្នាត​តូច​កំពុង​កើន​ឡើង

ភ្នំពេញៈ ពេល​ដែល​លោក ថន ថុល ទទួល​កម្ចី​៩០០​ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​សាមិក កាល​ពី​ឆ្នាំ​មុន លោក​ក៏​បាន​ឆ្លៀត​ចំណាយ​ប្រាក់​១៥ ដុល្លារ​ផ្សេង​ទៀត​ដើម្បី​ទិញ​ធានា​រ៉ាប់​រង​លើ​ប្រាក់​កម្ចី​របស់​ខ្លួន ដែល​ជា​គម្រោង​ធានា​រ៉ាប់រង​របស់​សាមិក ឈ្មោះ​ថា «មាតា​រ៉ាប់​រង​» ក្នុង​ករណី អតិថិជន​គ្រោះថ្នាក់​បាត់​បង់​ជីវិត ឬ​ពិការ​មិន​អាច​រក​ចំណូល​បាន គម្រោង​នេះ​នឹង​សង​បំណុល​ជំនួស។

លោក ថន ថុល ដែល​មាន​អាយុ​៤៦ ឆ្នាំ បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​ទិញ​ធានា​រ៉ាប់​រង​ពី​គម្រោង​ មាតា​រ៉ាប់រង​ថា​៖ «​ដោយ​សារ​ខ្ញុំ​គឺ​ជា​អ្នក​រក​ចំណូល​សំខាន់​សម្រាប់​គ្រួសារ​ជីវភាព​ក្នុង​ គ្រួសារ​របស់​ខ្ញុំ​ពឹង​អាស្រ័យ​យ៉ាង​ចម្បង​មក​លើ​ខ្ញុំ។ ដូច្នេះ​ប្រសិន​បើ​មាន​ករណី​អកុសល​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​នោះ ខ្ញុំ​មិន​ចង់​ឲ្យ​ប្រពន្ធ​និង​កូន​ទាំង​បួន​នាក់​របស់​ខ្ញុំ​ធ្លាក់​ខ្លួន​ ជំពាក់​បំណុល​គេ​ឡើយ»។

ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ចាប់​ផ្តើម​មាន​ការ​យល់​ឃើញ​ស្រដៀង​ គ្នា​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ធានា​រ៉ាប់រង​ខ្នាត​តូច​នេះ​។ តំណាង​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ខ្នាត​តូច​មួយ​ចំនួន​លើក​ឡើង​ថា មាន​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​កំពុង​យល់​ដឹង​និង​ប្រើ​ប្រាស់​សេវា​ ធានា​រ៉ាប់​រង​អាយុ​ជីវិត​ខ្នាត​តូច។

បច្ចុប្បន្ន​គម្រោង​មាតា​រ៉ាប់រង បាន​ផ្តាច់​ចេញ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​សាមិក ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្រោម​កិច្ច​សហ​ប្រតិការ​ជាមួយ​គ្នា​។ រហូត​មក​ដល់​ពេល​នេះ​អ្នក​ប្រើ​សេវា​ធានា​រ៉ាប់​របស់​គម្រោង​មាតា​រ៉ាប់​រង​ មាន​ប្រមាណ​១៦ ០០០​នាក់ ហើយ​ចំនួន​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ប្រចាំ​ខែ។

លោក ខែម សារី នាយក​ប្រតិបត្តិ​គម្រោង​មាតា​រ៉ាប់រង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ ម្សិលមិញ​ថា​៖ «​ចំនួន​អតិថិជន​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពេល​នេះ​មាន​អតិថិជន​កាន់​តែ​ច្រើន​ឡើង​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ ប្រើ​ប្រាស់​សេវា​ធានា​រ៉ាប់​រង​លើ​ប្រាក់​កម្ចី និង ធានា​រ៉ាប់​រង​អាយុ​ជីវិត​ខ្នាត​តូច»។

ក្រុមហ៊ុន PKMI ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ខ្នាត​តូច​មួយ​ផ្សេង​ទៀត ក៏​បាន​ឃើញ​ពី​កំណើន​អតិថិជន​និង​កំណើន​ការ​យល់​ដឹង​របស់​ប្រជាជន ទៅ​លើ​សេវា​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ខ្នាត​តូច​ផង​ដែរ។ ក្រុមហ៊ុន​នេះ​ផ្តល់​សំណង​ត្រឡប់​ទៅ​អតិថិជន​វិញ​ក្នុង​ករណី​គ្រោះថ្នាក់ មិន​លើស​ពី​៥ ០០០ ដុល្លារ​ទេ។

លោក ណង មករា អគ្គ​នាយក​រង​ក្រុមហ៊ុន PKMI បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​បន្ទាប់​ពី​ដំណើរ​ការ​ក្រុមហ៊ុន​ជាង​មួយ​ ឆ្នាំ​កន្លង​មក​ពេល​នេះ​ក្រុមហ៊ុន​មាន​អតិថិជន​សរុប​ប្រមាណ​១ ០០០ នាក់ ហើយ​លោក​សង្កេត​ឃើញ​ថា និន្នាការ​នឹង​នៅ​បន្ត​កើន​ឡើង​ថែម​ទៀត។

លោក មករា បាន​ពន្យល់​ថា មូលហេតុ​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន គឺ​ដោយ​សារ​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​អត្ថ​ប្រយោជន៍​នៃ​សេវាកម្ម​នេះ​នៅ​តាម​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ជា​ច្រើន ហើយ​ក៏​បាន​រួម​ចំណែក​ពី​ការ​ពន្យល់​ដោយ​ផ្ទាល់​ពី​បុគ្គលិក​របស់​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​បាន​សហការ​ក្នុង​គម្រោង​នេះ​ ជាមួយ PKMI។

ជាមួយ​នឹង​កំណើន​ការ​យល់​ដឹង​ពី​សេវា​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​ប្រជាជន​ កម្ពុជា​តាម​រយៈ​ការ​កើន​ឡើង​ចំនួន​អ្នក​ប្រើ​ប្រាស់​សេវា​កម្ចី និង​សន្សំ នៅ​តាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នានា លោក មករា​រំពឹង​ថា ប្រជាជន​កម្ពុជា​នឹង​ផ្តើម​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សេវាកម្ម​ធានា​ រ៉ាប់រង​អាយុ​ជីវិត​ខ្នាត​តូច​។ លោក​បាន​បន្ត​ថា​៖ «​មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​ជា​អតិថិជន​គោល​ដៅ​របស់ PKMI ហើយ​ចំនួន​នេះ​នឹង​នៅ​បន្ត​កើន​ឡើង​នា​ថ្ងៃ​ខាង​មុខ​»។

តាម​របាយ​ការណ៍​របស់​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា គិត​មក​ត្រឹម​ដំណាច់​ត្រី​មាស​ទីមួយ​ឆ្នាំ​នេះ​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ ១,៦ លាន​គ្រួសារ កំពុង​ទទួល​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​៕ ប្រភពពី  postkhmer.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: