ផ្ទេរ ឌុ​ច ពី​សាលាក្តី​ខ្មែរក្រហម ទៅ​ជាប់​ឃុំ​មួយ​ជីវិត នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​

ខេត្តកណ្តាល: លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង ត្រូវបាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង នៅ​សាលាក្តី​ខ្មែរក្រហម ទៅ​ជាប់​ឃុំឃាំងនៅ​ពន្ធនាគារ​តាខ្មៅ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៣​។ នៅ​ម៉ោង ៨ ព្រឹក​នេះ ឡាន​ដឹក​លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច បាន​ចូល​ទៅ​ដល់​ពន្ធនាគារ​តាខ្មៅនៅ​ខេត្ត​កណ្តាល​ហើយ​។​

លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានឲ្យដឹងថា លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង សម័យ​ខ្មែរក្រហម ដែល​ត្រូវបាន​តុលាការ​ខ្មែរក្រហម បាន​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម កាលពី​ម៉ោង ៧ និង ៥ នាទី ព្រឹក​ថ្ងៃ​ទី​៦​មិថុនា​នេះ ទៅ​កាន់​មន្ទីរឃុំឃាំង នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ដើម្បី​អនុវត្ត​ន៍ទោសជាប់​ពន្ធនាគារ​ដែល​នៅ​សេសសល់​របស់គាត់ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​ហេតុអ្វី​បានជា​ត្រូវ​បញ្ជូន​លោក ឌុ​ច ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារថ្នាក់ជាតិ​? លោក នេត្រ ភ​ក្ត្រា ពន្យល់ថា “​យើង​ដឹង​ហើយ​ថា ឌុ​ច ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយសារ​សាលាក្តី​ខ្មែរក្រហម ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក​. ប្រកាស​កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ តែ​សហ​ព្រះរាជអាជ្ញា បាន​ដាក់​សំណើ​មួយ សុំ​ឲ្យ​ឌុ​ចបន្ត​ឃុំឃាំង​នៅ​សាលាក្តី​ខ្មែរក្រហម ឬ អ​.​វ​.​ត​.​ក​. រហូត​ដល់​បញ្ចប់​ការផ្តល់​សក្ខីកម្ម​របស់​គាត់ ក្នុងនាម​ជា​សាក្សី នៅ​ក្នុង​សំណុំរឿង​០០២ ហើយ​នៅពេលនេះ ឌុ​ច បានបញ្ចប់​ការផ្តល់​សក្ខីកម្ម​រួចហើយ​។ អ៊ីចឹង​ហើយ បាន​ជា​តុលាការត្រូវ​បន្ត​ឃុំ​ខ្លួន​របស់​គាត់នៅ​សាលាក្តី​ខ្មែរក្រហម រហូត​ដល់​ថ្ងៃ​ទី​៦​មិថុនា ឆ្នាំ​២០១៣​នេះ ហើយ​ត្រូវបាន​បញ្ជូន​គាត់ទៅកាន់​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៦​មិថុនា​នេះ​”​។​

​លោក នេត្រ ភ​ក្ត្រា បាន​បន្តថា ច្បាប់​នៅក្នុង​សាលាក្តី​ខ្មែរក្រហម បាន​កំណត់​ថា អ​.​វ​.​ត​.​ក​. ជា​តុលាការជាតិ ដែល​ត្រូវ​អនុវត្តន៍ច្បាប់​តាម​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា ជា​អ្នកទទួលខុសត្រូវ​ចុងក្រោយសម្រាប់​ការដាក់​ពន្ធនាគាររាល់​អតីត​មេដឹកនាំ​ ខ្មែរក្រហម​ទាំងអស់ ដែល​ត្រូវបាន​ផ្តន្ទាទោស ប្រកាស​ដោយ អ​.​វ​.​ត​.​ក​.​។ ហេតុនេះហើយ បានជា​គេ​បញ្ជូន​លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច ទៅកាន់​ពន្ធនាគារ នៅ​ខេត្ត​កណ្តាល​។​

​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ក៏​បាន​គូសបញ្ជាក់ថា ការសម្រេច​បញ្ជូន ឌុ​ច ទៅ​ឃុំឃាំង​បន្តនៅ​ពន្ធនាគារ​ខេត្ត​កណ្តាល ធ្វើឡើង​បន្ទាប់​ពី​មានការ​វាយតម្លៃ​ពី​ក្រុម​មន្ត្រី​បុគ្គលិក​របស់​ ការិយាល័យ​សហ​ព្រះរាជអាជ្ញា​រួចមក​។ នោះ​គឺ​ជាការយល់ឃើញថា ពន្ធនាគារ​ខេត្ត​កណ្តាល សមស្រប​ដែល​អាច​ឲ្យ​លោក កាំ​ង ហ្គេក​អ៊ាវ នៅ​អនុវត្ត​ន៍ទោស​បាន​។​

​ពន្ធនាគារ​ខេត្ត​កណ្តាល នៅ​ទីក្រុង​តាខ្មៅ ជា​ពន្ធនាគារ​គំរូ​មួយ ដែល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ហើយ​មាន​ការអនុវត្ត​ន៍គោរព​នូវ​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ ព្រមទាំង​មាន​ការកែលម្អ ខុស​ពី​ពន្ធនាគារ​តាម​បណ្តា​ខេត្ត​រាជធានី ទូទាំង​ប្រទេស​។​

​សូម​រម្លឹកថា អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច ត្រូវបាន​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ បានសម្រេច​ផ្តន្ទាទោស​បិទផ្លូវ​តវ៉ា ដោយ​ដាក់​ពន្ធនាគារ​មួយជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នកទោស​នៅ​គុក​ទួលស្លែង សម័យ​ខ្មែរក្រហម​។​

​គេហទំព័រ​សាលាក្តី​ខ្មែរក្រហម បង្ហាញថា នៅក្នុង​ឆ្នាំ​១៩៦៥ ឌុ​ច បាន​ក្លាយទៅជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា ហើយ​មួយរយៈ​ក្រោយមក គាត់​ត្រូវបាន​ចោទថា​បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនីស្ត​។ គាត់​ត្រូវ​ប៉ូលិស​របស់​សម្តេច សីហនុ ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៦៨ ប៉ុន្តែ​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ នៅពេល​រដ្ឋប្រហារ​ទម្លាក់ សម្តេច​សីហនុ នៅ​ឆ្នាំ​១៩៧០​។ ពី​ខែ​កក្កដា ឆ្នាំ​១៩៧១ ដល់​ខែ​មករា ឆ្នាំ​១៩៧៥ ឌុ​ច ត្រូវ បាន​ចោទ​ថា​មាន​តួនាទី​ជាប្រធាន​ការិយាល័យ​ទី​១៣ ឬ ម​-១៣ (​គឺជា​មន្ទីរ​សន្តិសុខ​មួយទៀត​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា មាន​ទីតាំង​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​)​។ ឌុ​ច បន្ត​រស់នៅ​ជាមួយ​ខ្មែរក្រហម​រហូត​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​គាត់​ត្រឡប់​មក​ធ្វើជា​គ្រូបង្រៀន​វិញ​។ បន្ទាប់​ពី​មរណភាព​របស់​ប្រពន្ធ​គាត់​ដោយសារ​អំពើ​ប្លន់​នៅ​ឆ្នាំ​១៩៩៥ ឌុ​ច បាន​ប្តូរ​មក​កាន់​សាសនា​គ្រិស្ត និង​បាន​ផ្លាស់​ទៅ​រស់នៅ​ស្រុក​សំឡូត រហូតដល់​ពេល​ដែល​គាត់​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកសារព័ត៌មាន​មួយរូប ក្នុង​ឆ្នាំ​១៩៩៩​។ បន្ទាប់មក ឌុ​ច ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​កម្ពុជា​។ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០០៧ ទើប ឌុ​ច ត្រូវបាន​បញ្ជូន​ទៅ​ឃុំឃាំង នៅ​សាលាក្តី​ខ្មែរក្រហម ដែល​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំនុំជម្រះ​ក្តី​៕​

ប្រភព CEN

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: