ថៃ​ហាម សម រង្ស៊ី ចូល​ស្រុក​ព្រោះ​តែ​ខ្លាច​មក​រិះគន់​កម្ពុជា

ភ្នំពេញៈ មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​ប្រាប់​ភ្នាក់ងារ AFP ពី​ម្សិលមិញ​ថា អាជ្ញាធរ​ថៃ​ដែល​មិន​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​និរទេស​ខ្លួន​ចូល​មក​ក្នុង​ប្រទេស​ថៃ​ក៏​ព្រោះ​តែ​ថៃ​មាន​ក្តី​បារម្ភ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​នឹង​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ខណៈ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា បញ្ហា​នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ និង​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង​ដើម្បី​ចៀស​ពី​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ ១២​ឆ្នាំ ដែល​លោក​គិត​ថា ដោយ​សារ​មូលហេតុ​នយោបាយ​នោះ​ត្រូវ​អាជ្ញាធរ​បដិសេធ​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ស្តីពី​ជីវប្រវតិ្ត​លោក​មាន​ចំណង​ជើង​ថា៖ «We Didn’t Start the Fire: My Struggle for Democracy in Cambodia»។

លោក Manasvi Srisodapol អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ បាន​ប្រាប់ AFP ថា ៖ «យើង​បាន​ហាម​លោក សម រង្ស៊ី កុំ​ឲ្យ​ប្រើ​ទឹក​ដី​ថៃ​ដើម្បី​ផ្សាយ​សៀវភៅ​របស់​លោក​និង​ធ្វើ​ការ​វាយ ប្រហារ​មក​លើ​ប្រទេស​ជា​មិត្ត​របស់​ថៃ»។

លោក​បន្ថែម​ថា៖ «​យើង​ពិត​ជា​គាំទ្រ​លទិ្ធ​ប្រជាធិបតេយ្យ ប៉ុន្តែ យើង​មិន​គាំទ្រ​អ្នក​ណា​ដែល​ប្រើ​ប្រាស់​ប្រទេស​ថៃ ដើម្បី​វាយ​ប្រហារ​អ្នក​ដទៃ ដើម្បី​តែ​ផល​ចំណេញ​នយោបាយ​ឡើយ​»។

មន្រ្តី​អន្តោប្រវេសន៍​ថៃ​បាន​អះអាង​ថា ពួកគេ​ទទួល​បាន​ការ​ណែ​នាំ​ពី​ការ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ទឹក​ដី​ថៃ​ទេ រហូត​ទាល់​តែ​ក្រោយ​ការ​បោះឆ្នោត។

លោក​ឧត្តមសេនីយ៍ Panu Kerdlaprphol មេ​បញ្ជាការ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ថ្លែង​ថា៖ «​លោក សម រង្ស៊ី អាច​ចូល​ទឹក​ដី​ថៃ​ដូច​ធម្មតា នៅ​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា​។ យើង​បាន​ពន្យល់​ពី​បញ្ហា​នេះ ហើយ​លោក​ហាក់​ដូច​ជា​យល់​ហើយ​ឥឡូវ​នេះ​គាត់​កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី។

អ្នក​នាំ​ពាក្យ ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​ប៉ុន្តែ​លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា ការ​បដិសេធ​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ទៅ​ប្រទេស​ថៃ​គឺជា​កិច្ចការ​ផ្ទៃ​ក្នុង​ថៃ​វា​មិន​កើត​ចេញ​ពី​ការ​ស្នើ​សុំ​ណា​មួយ​ពី​កម្ពុជា​ទេ។

លោក​បន្ត​ថា​៖ «រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​កិច្ច​[ព្រម​ព្រៀង​]​បត្យាប័ន​ជាមួយ​រដ្ឋាភិបាល​ថៃ​ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី មក​ផ្តន្ទាទោស​នៅ​កម្ពុជា​ទេ​»។

លោក រង្ស៊ី ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។ សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ អ្នក​នាំ​ពាក្យ​គណបក្ស លោក យឹម សុវណ្ណ រួម​ទាំង​លោក​ស្រី មូរ សុខហួរ នាយក​កិច្ចការ​សាធារណៈ​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បញ្ហា​នេះ​បាន​ដែរ​ពី​ថ្ងៃ​ពុធ។

លោក គង់ គាំ ប្រធាន​គណបក្ស​សម​រង្ស៊ី បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត លើស​ពី​អ្វី​ដែល​គេ​បាន​រាយការណ៍​នោះ​ទេ ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ​។

លោក​នាយក រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ដឹក​នាំ​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៨៥ ហើយ​លោក សម រង្ស៊ី ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ព្រោះ​តែ​ជាប់​ទោស​ពី​បទ​ការ​ផ្សព្វ​ផ្សាយ«​ផែន​ទី​ក្លែង​ក្លាយ» បង្ហាញ​ថា វៀតណាម​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា។

សមាជិក​បក្ស​ប្រឆាំង​កម្ពុជា​កាល​ពី​ខែ​មុន បាន​អំពាវនាវ​សុំ​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​ឲ្យ​ធានា​នូវ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុតិ្តធម៌​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​នេះ នៅ​កម្ពុជា។

លោក ហ៊ុន សែន ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ថៃ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្មីៗ​នេះ​ថ្លែង​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ពេល​លោក​មាន​អាយុ​៧៤​ឆ្នាំ ដែល​ពី​មុនៗ​មក​លោក​ថា នឹង​កាន់​តំណែង​នេះ​ដល់​អាយុ ៩០​ឆ្នាំ។ លោក នាយក​រដ្ឋ​មន្ត្រី បច្ចុប្បន្ន​មាន​អាយុ​៦០​ឆ្នាំ ប៉ុន្តែ​អាយុ​ផ្លូវ​ការ​គឺ ៦២​ឆ្នាំ៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: