មន្ត្រីជាន់ខ្ពស់​ថៃ អះអាង​ពី​ឆន្ទៈ ក្នុងការ​រក្សា​នូវ​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​

ភ្នំពេញៈ ក្នុងជំនួប​សំដែង​ការគួរសម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា ដែល​ធ្វើឡើង នៅ​វិមាន​សន្តិភាព​រសៀល​ថ្ងៃទី​១១ ខែមិថុនា​នេះ លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆៃ​គុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​ថៃ មាន​ឆន្ទៈ​ក្នុងការ​រក្សា​នូវ​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រជាជន​កម្ពុជា​។​

​លោក អ៊ាង សុល​ផ្លែ​ត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆៃ​គុល បាន​មានប្រសាសន៍ថា ប្រជាជន​ថៃ​យល់ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត តាមរយៈ​នេះ ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ពោលគឺ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច នៃ​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិតជា​បាន​ឆ្លុះបញ្ចាំង ពី​ទំនាក់ទំនង​ល្អ នៃ​ប្រទេស​ទាំងពីរ​ដែលជា​កត្តា​ជំរុញ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ខ្លាំង​ឡើង សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ក្នុងន័យនេះ លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត្រ សូម​គោរព​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ​។​
        
​លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក​ចៃ​គុល បន្តថា សម្រាប់​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយនិង​សម​ភាគី​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដោយបាន​ធ្វើការ​ពិភាក្សា​គ្នា​ក្នុងការ​អភិវឌ្ឍន៍​នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​ការពិភាក្សាគ្នា ក្នុងការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការបើក​ច្រកព្រំដែន ដើម្បី​សំរួល​ចរាចរណ៍​ទំនិញ​ឆ្លងកាត់ ការអភិវឌ្ឍន៍​ធនធានមនុស្ស សំដៅ​ធ្វើយ៉ាងណា​បង្កើត​ការងារ និង​ចំណូល ក៏ដូចជា​ពង្រឹង​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។​
        
​ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​រដ្ឋាភិបាល​និង​ប្រជាជន​ថៃ បាន​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោ​រម្យ​ងារ​ជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​
        
​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ ចំពោះ​លទ្ធផល នៃ​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ ពិសេស​ការពិភាក្សា​លើ​ការតភ្ជាប់​កំណាត់​ផ្លូវដែក ផ្លូវគោក ការតភ្ជាប់​បណ្តាញ អគ្គិសនី និង​ការបើក​ច្រកព្រំដែន​ដទៃទៀត ដែលជា​ប្រធានបទ​ដ៏​សំខាន់ នៃ​កិច្ចពិភាក្សា​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​។                

​ សម្តេច​តេ​ជោ​បន្តថា យើង​ត្រូវតែមាន​ការប្តេជ្ញាចិត្ត​រួមគ្នា​ថា ប្រជាជន​រស់នៅ​តាម​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ត្រូវតែ ឈប់​មានការ​ភិតភ័យ​ខ្លាច និង​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​។ ក្នុង​កិច្ចសន្ទនា​គ្នា​នោះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់នូវ​អនុសាសន៍​ដល់​ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ ត្រូវតែ​ជំរុញ​បន្ថែមទៀត​លើ​ការងារ​ដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅតាម​ព្រំដែន ពោលគឺ​ស៊ីម៉ាក និង​ធី​ម៉ាក គប្បី​ត្រូវតែ​សហការគ្នា​បំផ្លាញ​ឃាតក​កំបាំងមុខ ដែល​លាក់​កប់​ក្នុង​ដី​ឲ្យ​អស់ ដែល​នោះ​គឺជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។                  
                                     
​ ជាមួយគ្នា​សម្តេច​តេ​ជោ ក៏បាន​ស្នើ​ដល់​ភាគី​ទាំងពីរ បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ កាន់​តែមាន​ទំហំ​ទ្វេ​ឡើង​ថែមទៀត​៕ ប្រភព៖ CEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: