សហគមន៍​នៅ​មណ្ឌលគិរី​គ្រោង​ប្ដឹង​រឿង​កាប់​ឈើ​ខុស​ច្បាប់

សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​ យក​ដី​អនាធិបតេយ្យ​នៅ​ខេត្ត​មណ្ឌលគិរី កើត​មាន​កាន់​តែ​ច្រើន​តាម​រយៈ​ការ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​បរិស្ថាន​ជួល​ កម្មករ​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ ដើម្បី​យក​ដី​ជា​សម្បទាន​សង្គម​កិច្ច។

 

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ តំបន់​នោះ​អះអាង​ថា ការ​កាប់​រាន​ព្រៃ​នេះ កំពុង​បំពាន​ទៅ​លើ​ព្រៃ​ស្រោង ព្រៃ​តំណម និង​ព្រៃ​កប់​សព​ប្រពៃណី​ជនជាតិ​ជាតិ​ដើម​ភាគ​តិច។

តំណាង​សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៣ អះអាង​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ដើម្បី​ចាត់​វិធានការ​ស៊ើប​អង្កេត​ ពី​សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នេះ។

ចាប់​ពី​ខែ​មេសា រហូត​បច្ចុប្បន្ន សហគមន៍​ភូមិ​ពូលុ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មាន​ខ្មែរ​និង​ចាម​មក​ពី​ខេត្ត​កំពង់ចាម បាន​ចូល​ទៅ​កាប់​រាន​ព្រៃ​ចាប់​ពី​ចុង​ភូមិ​ពូលុ រហូត​ដល់​តំបន់​វារយោង ដើម្បី​ចាប់​យក​ដី​អនាធិបតេយ្យ។ ក្រុម​សហគមន៍​បាន​ចុះ​ទប់ស្កាត់​ចំនួន​បី​លើក និង​ចាប់​បាន​ម៉ាស៊ីន​កាត់​ឈើ ៥​គ្រឿង ប៉ុន្តែ​សកម្មភាព​កាប់​ព្រៃ​អនាធិបតេយ្យ​នេះ​នៅ​តែ​បន្ត​កាន់​តែ​ច្រើន​ឡើង។ បច្ចុប្បន្ន​ព្រៃ​ឈើ​ប្រមាណ​ជាង ១០០​ហិកតារ​ហើយ​ត្រូវ​គេ​កាប់​រាន ហើយ​ហ៊ុមព័ទ្ធ​យក​ដី​ជា​កម្មសិទ្ធិ។

ប្រធាន​សហគមន៍​ភូមិ​ពូលុ លោក ឃុត ចាន់រ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​កម្មករ​ស៊ី​ឈ្នួល​ជា​ច្រើន​អះអាង​ថា បុរស​ម្នាក់​ជា​មន្ត្រី​បរិស្ថាន​ឈ្មោះ សុះ ម៉ាឡែន ជា​អ្នក​ជួល​ពួក​គេ​ឲ្យ​កាប់​ព្រៃ​នេះ​ដើម្បី​យក​ដី​ជា​សម្បទាន​សង្គមកិច្ច និង​មាន​ផ្លាក​តូចៗ មាន​សរសេរ​អក្សរ​ដាក់​ថា ដី​លំនៅឋាន​ប្រមាណ ២០០​ផ្លាក​ត្រូវ​បាន​គេ​បោះ​នៅ​លើ​ក្បាល​ដី​ដែល​បាន​កាប់​រាន​នោះ។

លោក​បន្ត​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ករណី​នោះ​ទេ ហេតុ​នេះ​ទើប​សហគមន៍​សម្រេច​ថា នឹង​រៀបចំ​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ​វិញ៖ «តំបន់​ដែល​គេ​កាប់​ បំផ្លាញ​ហ្នឹង​ច្រើន​តែ​បង​ប្អូន​ចាម ហើយ​មួយ​ចំនួន​បើ​យើង​សួរ​នាំ​ទៅ​គេ​ថា​ខ្មែរ មក​ពី​ខេត្ត​កំពង់ចាម មក​ស៊ី​ឈ្នួល។ យើង​មើល​ឃើញ​ថា នេះ​ជា​ផលប្រយោជន៍​សម្រាប់​សហគមន៍​ក៏​ជា​ផលប្រយោជន៍​សម្រាប់​ពិភពលោក»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា មិន​អាច​ស្វែង​រក​អាសយដ្ឋាន​ទាក់ទង​បុរស​ឈ្មោះ ម៉ាឡែន ដើម្បី​សុំ​បំភ្លឺ​ពី​ករណី​នេះ​បាន​ទេ។ ក៏​ប៉ុន្តែ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល បដិសេធ​ថា បុរស​ឈ្មោះ សុះ ម៉ាឡែន មិន​មែន​ជា​មន្ត្រី​បរិស្ថាន​នោះ​ទេ។

លោក​បន្ត​ថា ព្រៃ​តំបន់​នោះ​មិន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ទៀត​ទេ៖ «អា ​ហ្នឹង​ការ​សម្រេច​របស់​ខេត្ត​ពី​មុន​មក ខ្ញុំ​មិន​ដឹង​ដែរ ព្រោះ​ដី​ហ្នឹង​វា​លែង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​បរិស្ថាន​ហើយ​តែ​កាត់​ ចេញ​ទៅ​ជា​សម្បទាន​សង្គមកិច្ច​ទៅ មិន​ឋិត​ក្នុង​តំបន់​អភិរក្ស​ទៀត​ទេ»

អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ដែល​ចូល​ទៅ​កាប់​រាន​ព្រៃ​នោះ គឺ​ដឹកនាំ​ដោយ​ឈ្មោះ សុះ ម៉ាឡែន ជា​តំណាង​ប្រជាពលរដ្ឋ​អ្នក​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​ប៊ូស្រា។ អតីត​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន បាន​ចុះ​ហត្ថលេខា​ឯកភាព​ឲ្យ​កាប់​ឆ្ការ​ព្រៃ សំអាត​ដី​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ តាម​សំណើ​របស់​តំណាង​ប្រជាពលរដ្ឋ​នោះ។

លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​បាន​ចុះ​ទប់ស្កាត់​មិន​ឲ្យ​កាប់​រាន​ត​ទៅ​ទៀត​ទេ ពីព្រោះ​លិខិត​អនុញ្ញាត​ដែល​ចុះ​ហត្ថលេខា​ដោយ​អតីត​អភិបាល​ខេត្ត​មិន​ស្រប​ តាម​នីតិវិធី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ឡើយ៖ «ឯកសារ​ហ្នឹង​ អត់ ​មាន​ឆ្លង​ស្រុក ឃុំ ទេ គេ​មិន​ទាន់​ចែក​ឲ្យ​ទេ។ ដី​ហ្នឹង​ធ្វើ​អនុបយោគ​ហើយ គាត់​ថា ចាប់​ឆ្នោត។ មិន​ទាន់​បាន​ចាប់​ឆ្នោត​វា​រុក​រាន​ទន្ទ្រាន​កាប់»

នាយ​រង​ខុទ្ទកាល័យ​សាលា​ខេត្ត​មណ្ឌលគិរី លោក មឹង សុចាន់ថា មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​មាន​គោលការណ៍​កាត់​ដី​ព្រៃ​នៅ​តំបន់​ពូលុ ប្រមាណ​ជាង ២.៤០០​ហិកតារ ជា​ដី​សម្បទាន​សង្គមកិច្ច ក៏​ប៉ុន្តែ​មិន​ទាន់​មាន​គោលការណ៍​ចែក​ដី​តំបន់​នោះ​នៅ​ឡើយ។

លោក​បដិសេធ​ថា មិន​បាន​ដឹង​ពី​សកម្មភាព​ចុះ​កាប់​ឆ្ការ​ព្រៃ​យក​ដី​មុន​ការ​បែង​ចែក​របស់​គណៈកម្មការ​ផ្ដល់​ដី​សម្បទាន​នោះ​ទេ៖ «យើង ​កំពុង​រៀបចំ​បង្កើត​ក្រុម​ការងារ រៀបចំ​វាយ​តម្លៃ​ផ្ដល់​ឲ្យ​ពួក​គាត់​ដែល​គ្មាន​ពិត​ប្រាកដ មាន​លិខិត​ច្បាស់លាស់។ អា​ហ្នឹង​យើង​ចង់​ធ្វើ​ម៉េច​ឲ្យ​វា​ចំ និង​ដល់​ដៃ​ពលរដ្ឋ​ពិត​ប្រាកដ»

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​សមាគម​ អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ដល់​កន្លែង​មាន​ទំនាស់​នោះ​សង្កេត​ឃើញ​ថា សកម្មភាព​កាប់​រាន​ព្រៃ​បាន​បំពាន​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ តំបន់​នោះ ដែល​​ជា​អ្នក​ថែរក្សា​អាស្រ័យ​ផល​ព្រៃ​ឈើ និង​បំពាន​ទៅ​លើ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ​ពិសេស​កាប់​រាន​ព្រៃ​គោរព​បូជា និង​ព្រៃ​តំបន់​កប់​សព​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច៕ ប្រភពព័ត៌មាន ៖ RFA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: