ពាណិជ្ជកម្ម​កម្ពុជា ហុងកុង​កំពុង​មាន​សន្ទុះ

ភ្នំពេញ កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​និង​តំបន់​ រដ្ឋបាល​ពិសេស​ហុងកុង កំពុង​ស្គាល់​ភាព​ប្រសើរ​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ខណៈ​ដែល​ ការ​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រជាជន​ទាំង​ពីរ​ក៏​កាន់​តែ​មាន​ភាព​ល្អ​ឡើង​ ជាង​មុន​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ហុងកុង​និង​ តំបន់​អាស៊ាន។

លោក Fong Ngai អគ្គនាយក​ការិយាល័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​ហុងកុង ដែល​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ទីក្រុង​ហុងកុង​កំពុង​តែ​ បន្ត​នៅ​ក្នុង​ស្ថានភាព​ល្អ​ឡើង​ជា​លំដាប់​ហើយ​ទំនាក់ទំនង​ផ្នែក​ ពាណិជ្ជកម្ម​ក៏​នៅ​បន្ត​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖​ «យើង​សង្កេត​ឃើញ​ថា​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង ហុងកុង​មាន​កំណើន​ជា​រៀងរាល់​ឆ្នាំ​ក្នុង​អត្រា​កំណើន​ជា​មធ្យម​៩ ភាគរយ​គិត​ចាប់​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១២»។

លោក​បាន​បន្ថែម​ទៀត​ថា​ការ​ប្រកាស​របស់​ហុងកុង​ក្នុង​ការ​លើកលែង​ ទិដ្ឋាការ​ដល់​អ្នក​កាន់​លិខិត​ឆ្លងដែន​ផ្លូវការ និង​ការទូត ពី​កម្ពុជា​ក៏​ជា​ការ​វិវឌ្ឍ​ថ្មី​មួយ​ទៀត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ ហុងកុង និង កម្ពុជា​ឲ្យ​បាន​កាន់​តែ​ល្អ​ជាង​មុន​។​លោក​បាន​បន្ត​ថា ទីក្រុង​ហុងកុង គឺជា​ដៃគូ​ពាណិជ្ជកម្ម​និង​ជា​ទីផ្សារ​ធំ​ជាង​គេ​ទី​៦ សម្រាប់​លក់​ផលិតផល​របស់​ប្រទេស​កម្ពុជា។​លើស​ពី​នេះ ក្នុង​ចំណោម​ប្រទេស​ធំ​ៗ​ដែល​កម្ពុជា​បាន​នាំ​ចូល​ផលិតផល​ដើម្បី​ប្រើប្រាស់ និង​សម្រាប់​ទ្រទ្រង់​កំណើន​ខាង​វិស័យ​កម្មន្តសាល​ហុងកុង​ក៏ជា​ប្រទេស​ធំ​ ជាង​គេ​ទី​ប្រាំ​ដែល​កម្ពុជា​បាន​ទិញ​ទំនិញ​។

គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ​២០១២​ក្រុមហ៊ុន​ហុងកុង​ប្រមាណ​៥៦ ក្រុមហ៊ុន​បាន​កំពុង​វិនិយោគ​នៅ​កម្ពុជា​លើ​រោងចក្រ​កាត់ដេរ និង វាយនភ័ណ្ឌ​ហើយ​ក្រុមហ៊ុន​ទាំងនោះ​បាន​ផ្តល់​ការងារ​ប្រមាណ​ជា​៣៥ ០០០ កន្លែង​ដល់​ប្រជាជន​កម្ពុជា​។

ទិន្នន័យ​ពាណិជ្ជកម្ម​ពី​ការិយាល័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ហុងកុង​ បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង ហុងកុង​សម្រេច​បាន​៨៧៩ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ការ​កើនឡើង​ប្រមាណ​១៨ ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១។

ក្នុង​នោះ​ផលិតផល​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ហុងកុង​មាន​ដូចជា ផលិតផល​កាត់ដេរ​និង វាយនភ័ណ្ឌ ដែល​តំណាង​ប្រមាណ​៨០ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប។ ផលិតផល​បន្ទាប់​បន្សំ​ដែល​បាន​នាំ​ចេញ​មាន​ដូចជា​អង្ករ ថ្នាំជក់ និង​ផលិតផល​មួយ​ចំនួន​ទៀត។

ចំណែក​ផលិតផល​នាំ​ចូល​ដែល​កម្ពុជា​ទិញ​ពី​ហុងកុង មាន​ដូចជា គ្រឿង​ម៉ាស៊ីន​ផលិតផល​បង្គុំ​សម្រាប់​គ្រឿង​ម៉ាស៊ីន គ្រឿង​អលង្ការ គ្រឿង​អេឡិចត្រូនិក ជាដើម​។​គួរ​រំឭក​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ មិថុនា​ឆ្នាំ​នេះ​ត​ទៅ​ហុងកុង​បាន​យល់​ព្រម​ជា​ឯកតោ​ភាគី​ក្នុង​ការ​លើកលែង​ ទិដ្ឋាការ​ចំពោះ​អ្នក​កាន់​លិខិត​ឆ្លងដែន​ផ្លូវការ និង​ការទូត ពី​កម្ពុជា​គិត​ចាប់​ពី​ដើម​ខែ​មិថុនា​ត​ទៅ​ដើម្បី​ឲ្យ​មន្រ្តី​និង អ្នក​ការ​ទូត​ពី​កម្ពុជា​អាច​ចេញ​ចូល​ទីក្រុង​ពាណិជ្ជកម្ម​មួយ​នេះ​កាន់​តែ​ ងាយស្រួល​ជាង​មុន​។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​៖​«ការ​លើកលែង​ ទិដ្ឋាការ​នេះ​នឹង​រួម​ចំណែក​ធ្វើឲ្យ​ការ​ពង្រឹង​កិច្ចសហការ​ផ្នែក​ អភិវឌ្ឍន៍ និង សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​ហុងកុង​កាន់​តែ​មាន​ភាព​ងាយស្រួល»។

លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​ឯកជន​វិស័យ​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល ​ពី​សប្តាហ៍​មុន​ថា​រហូត​មក​ទល់​ពេល​នេះ​ចំនួន​ភ្ញៀវទេសចរ​ពី​ទីក្រុង​ ហុងកុង​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​តិចតួច​នៅ​ឡើយ។​តែ​សម្រាប់​ប្រជាជន​ កម្ពុជា​ពិសេស​គ្រួសារ​មាន​ចំណូល​ខ្ពស់​ទី​ក្រុង​ហុងកុង​ជា​គោលដៅ​ទេសចរណ៍​ ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​ដែល​ពួកគេ​ប្រាថ្នា​ចង់​ទស្សនា ពិសេស​ពេល​បុណ្យ​ជាតិ​ធំ​ៗ​ដែល​មាន​ការ​ឈប់​សម្រាក​រយៈពេល​យូរ​។

លោក​អះអាង​ថា ការ​លើកលែង​លិខិត​ឆ្លងដែន​ផ្លូវការ និង​ការទូត នា​ពេល​នេះ​ជា​ការ​វិវឌ្ឍ​ក្នុង​ជំហាន​បឋម​មួយ​ដើម្បី​ឈាន​ដល់​អនុញ្ញាត​ឲ្យ ​ពលរដ្ឋ​កម្ពុជា​ទូទៅ​ដែល​កាន់​លិខិត​ឆ្លងដែន​ធម្មតា​អាច​ចេញ​ចូល និង ស្នាក់​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាន់​តែ​ងាយស្រួល​។​លោក​បន្ត​ថា​៖​«​ពេល​ អ្នក​ទេសចរ​មាន​មធ្យោបាយ​ងាយស្រួល​ជាង​មុន​ក្នុង​ការ​ចេញ​ចូល​ទស្សនា​ប្រទេស ​ណា​មួយ​គេ​នឹង​អាច​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​»៕

http://postkhmer.com/index.php/business/business/99486-2013-06-18-05-05-30

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: