អតីត​សមាជិក​បក្ស​ប្រឆាំង​អះអាង​ថា​ដឹកនាំ​សកម្មជន​ជាង​៦០០​នាក់​ចូល​បក្ស​ប្រជាជន

ប្រភព​ពី​អតីត​សកម្មជន​ គណបក្ស សម រង្ស៊ី បាន​ឱ្យ​ដឹង​ថា សកម្មជន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​សៀមរាប និង​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ​ទៀត​ចំនួន​ប្រមាណ​ជាង ៦០០​នាក់ ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​កម្មវិធី​ទទួល​យក​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នោះ​កាល​ពី​ថ្ងៃ​ ទី២៤ ខែ​មិថុនា នៅ​ឯ​ស្រុក​ស្វាយលើ ចម្ងាយ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។

មេ​ចលនា​អូស​ទាញ​មនុស្ស​ចេញ​ពី​គណបក្ស​ ប្រឆាំង​មួយ​ក្រុម ហើយ​ទៅ​ចុះ​ចូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​រិះគន់​ថា ពួក​គេ​មិន​អាច​ទ្រាំ​នៅ​បាន​ទៀត​ទេ ដោយសារ​តែ​មន្ត្រី​ធំៗ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​គិត​តែ​ពី​ពង្រឹង​អំណាច​ ផ្ទាល់​ខ្លួន ដោយ​មិន​គិត​ផល​ប្រយោជន៍​គណបក្ស។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ម្នាក់ និង​អតីត​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខ្លះ​ទៀត​នៅ​ខេត្ត​សៀមរាប បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អតីត​អនុប្រធាន​រដ្ឋបាល​របស់​គណបក្ស សម រង្ស៊ី ខេត្ត​សៀមរាប គឺ​លោក ឆាន ប៉ូឡូ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹកនាំ​សកម្មជន​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ​ខ្លះ​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦២៣​នាក់ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​ថ្មីៗ៖ «មូលហេតុ ​ចម្បង​ដែល​ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​ថ្នាក់​ដឹកនាំ​កំពូលៗ គឺ​គិត​តែ​ពី​ប្រយោជន៍​លាភ​សក្ការៈ និង​បក្ខពួក​និយម ហើយ​ជា​មនុស្ស​ដែល​មិន​សូវ​គិត​ធ្វើ​ម៉េច​ឱ្យ​បក្ស​ខ្លាំង​ទេ គិត​តែ​ពី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​តែ​ក្រុម ឬ​ក៏​បក្ខពួក​របស់​គាត់​ហ្នឹង​ខ្លាំង ទោះ​បី​ជា​ធ្វើ​ឱ្យ​បក្ស​ហ្នឹង​ខ្សោយ​ទន់​ក៏ដោយ»

អភិបាល​ស្រុក និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ស្រុក​ស្វាយលើ លោក សិ ប៊ុនស៊ិន បាន​មាន​ប្រសាសន៍​ថា សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​នោះ​មក​ពី​ច្រើន​កន្លែង ហើយ​ស្រុក​របស់​លោក​បាន​រៀបចំ​ធ្វើ​ពិធី​ទទួល​យក​ពួក​គេ។

នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​ដែល​សកម្មជន ឬ​សមាជិក​គណបក្ស​ប្រឆាំង និង​គណបក្ស​ផ្សេងៗ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​របស់​គេ​ទៅ​ចូលរួម​ជាមួយ ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។ ស្ទើរ​តែ​រាល់​ពេល​នៃ​ការ​បោះឆ្នោត​ជិត​មក​ដល់ បញ្ហា​ចាក​ចេញ​ពី​គណបក្ស​មួយ ចូល​ទៅ​គណបក្ស​មួយ​ទៀត គឺ​តែង​កើត​មាន​ជាច្រើន​លើក​មក​ហើយ។

ទោះ​យ៉ាង​ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប លោក សុខ គឹមសេង បាន​ឱ្យ​ដឹង​ថា មេ​ខ្យល់​ដែល​ដឹកនាំ​មនុស្ស​មួយ​ចំនួន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា នោះ គឺ​ជា​អតីត​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​គណបក្ស​បាន​ដក​ហូត​តួនាទី​កាល​ពី​ជាង ៦​ខែ​មុន ហើយ​មិន​មាន​ចំនួន​មនុស្ស​រាប់​រយ​នាក់​ទៅ​ចុះ​ចូល​ដូច​គេ​អះអាង​នោះ​ឡើយ។

លោក សុខ គឹមសេង៖ «ជា​ការ​ពិត ពួក​គាត់​ហ្នឹង​ជា​អតីត​គណបក្ស សម រង្ស៊ី ដែល​ត្រូវ​បាន​គណបក្ស​ដក​ចេញ​ពី​តួនាទី និង​ដក​ចេញ​ពី​សមាជិក​ភាព ដោយសារ​តែ​គាត់​ប្រព្រឹត្ត​នូវ​ទោស​កំហុស​ជាច្រើន តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ គាត់​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ ព័ត៌មាន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចូល​ចិត្ត​តែ​បំផ្លើស​អីចឹង ប៉ុន្តែ​តាម​ការ​ពិត យើង​ឃើញ​ហើយ​តែ​គ្នា​គាត់​ប៉ុន្មាន​នាក់ ដែល​គណបក្ស សម រង្ស៊ី ដក​ហូត​តំណែង ដោយសារ​តែ​គាត់​មាន​កំហុស​ខុស​ឆ្គង​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​តែ​ ប៉ុណ្ណឹង។ ក៏ប៉ុន្តែ សកម្មជន​ដទៃ​ទៀត​អត់​មាន​ការ​ចុះ​ចូល​ទេ»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​ ដែល​ខ្លួន​ស្រឡាញ់ ក៏ប៉ុន្តែ​ការ​ចាក​ចេញ​របស់​សមាជិក​នៃ​គណបក្ស​នយោបាយ​មួយ​ទៅ​ចុះ​ចូល​ជាមួយ​ គណបក្ស​នយោបាយ​មួយ​ទៀត បើ​ទោះ​បី​ជា​មិន​ប៉ះពាល់​ធំ​ដុំ ក៏​វា​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​អ្នក​បោះឆ្នោត​ខ្លះៗ។

មិន​មែន​តែ​ខេត្ត​សៀមរាប ទេ ដែល​មាន​ការ​អះអាង​ថា សមាជិក​គណបក្ស​ប្រឆាំង​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ខេត្ត​កំពត ខេត្ត​កណ្ដាល និង​តំបន់​មួយ​ចំនួន​ទៀត ក៏​មាន​សេចក្តី​រាយការណ៍​ពី​ការ​ចុះ​ចូល​ដូច​គ្នា​នេះ​ដែរ។

ទោះ​យ៉ាង​ណា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កណ្ដាល លោក ធួង សុខា បាន​អះអាង​ថា ពុំ​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ណា​មួយ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ព័ត៌មាន​ផ្សព្វផ្សាយ​នោះ​ទេ។ លោក ធួង សុខា បញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ ហ៊ល សំនៀង ដែល​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ មិន​មែន​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កណ្ដាល ឡើយ គឺ​គ្រាន់​តែ​ជា​អតីត​សកម្មជន​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ដក​ហូត​ពី​តួនាទី​ជា​យូរ​មក​ហើយ៕ ប្រភពព័ត៌មាន ៖ RFA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: