អាជីវកម្ម​ម្រេច​ដែល​ផ្តើម​ចេញ​ពី​លក្ខណៈ​គ្រួសារ

ហ៊ីម ​អាណា នាយិកា​​​ក្រុម​ហ៊ុន Starling ​Farm ​Kampot​ Pepper​​។ វីរៈ

ប្រភព Postkhmer : ភ្នំពេញៈ ៧ ឆ្នាំ​មុន ដី​ព្រៃ​ប្រហែល​កន្លះ​ហិកតា​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​ចម្ការ​ម្រេច ដែល​មាន​ជន្លង់​១ ៥០០ ប៉ុណ្ណោះ​សម្រាប់​របរ​ជា​លក្ខណៈ​គ្រួសារ​ប៉ុន្តែ​ទិន្នផល​ល្អ​នៃ​ម្រេច​កំពត​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​បាន​អភិវឌ្ឍ​កសិកម្ម​នេះ​ឆ្ពោះ​ទៅ​រក​ពាណិជ្ជកម្ម។

បី​ឆ្នាំ​ក្រោយ​ម្រេច​ដែល​បាន​ដាំដុះ​លើ​ផ្ទៃ​ដី​កន្លះ​ហិកតា​នោះ​បាន​ផ្តល់​ផល ប្រមាណ ១,៥ តោន​នៅ​ឆ្នាំ ២០០៩​។ រហូត​ដល់​ពេល​នេះ​ទំហំ​ដី​ត្រូវ​បាន​ពង្រីក​រហូត​ដល់ ៥ ហិកតា។

អ្នក​ស្រី ហ៊ីម អាណា អាយុ ៣៤ ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន Starling Farm Kampot Pepper និយាយ​ថា គំនិត​ដំបូង​ក្នុង​ការ​ដាំដុះ​ម្រេច​នេះ​គឺ​បន្ទាប់​ពី​ស្វាមី​អ្នក​ស្រី​បាន​សួរ​រក​ផលិតផល​ពិសេស​របស់​កម្ពុជា​ដែល​មាន​ភាព​ល្បី​ល្បាញ​ជាប់​ទាក់​ទង​នឹង​វប្បធម៌​។ អ្នក​ស្រី​បន្ត​ថា៖ «ប្ដី​របស់​ខ្ញុំ​សួរ​ខ្ញុំ​ថា​តើ​មាន​ផលិតផល​ជា​ពិសេស​ណា​មួយ​ទេ ហើយ​ជា​ផលិតផល​ដែល​មាន​គេ​ដឹង​យ៉ាង​ច្បាស់​នៅ​កម្ពុជា​ទាក់​ទង​ជាមួយ​នឹង​វប្បធម៌​របស់​យើង​? នៅ​ពេល​នោះ​ខ្ញុំ​គិត​មើល​បន្តិច ហើយ​គិត​ថា ម្រេច​កំពត​គឺ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ជាង​គេ»។

ការ​ប្រមូលផល​ក្នុង​ឆ្នាំ​ទី​មួយ​នោះ​មាន​ចំនួន​ច្រើន​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ក្នុង​គ្រួសារ និង​ចែក​ចាយ​ឲ្យ​មិត្តភក្តិ​មិន​អស់ អ្នក​ស្រី​ក៏​ចាប់​ផ្តើម​បែក​គំនិត​បង្កើត​ក្រុមហ៊ុន​នាំ​ចេញ​ម្រេច ឈ្មោះ​ថា Bright Starling Holding ចាប់​ពី​ឆ្នាំ ២០១០​សម្រាប់​ការ​នាំ​ចេញ​ម្រេច​កំពត​មាន​គុណភាព​ឆ្ពោះ​ទៅ រក​ទីផ្សារ​អន្តរជាតិ។

មក​ដល់​ឆ្នាំ​នេះ​អ្នក​ស្រី​បាន​ពង្រីក ផ្ទៃ​ដី​ដល់ ៥ ហិកតា ប៉ុន្តែ​មាន​តែ ៣ ហិកតា​ប៉ុណ្ណោះ​ដែល​ផ្ដល់​ផល​ខណៈ​ដី​ពីរ​ហិកតា​ទៀត​ត្រូវ​ការ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ទៀត។

អ្នក​ស្រី អាណា កើត​នៅ​ឃុំ ព្រែកពោធិ៍ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ហើយ​បាន​រៀបការ​ជាមួយ​ជន​បរទេស​ឈ្មោះ Mark Hanna មក​ពី​ប្រទេស ហូឡង់ និង​មាន​កូន​បី​នាក់​។ អ្នក​ស្រី​និយាយ​ថា៖ «យើង​មិន​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​ដាំ​ម្រេច​នោះ​ទេ ប៉ុន្តែ​យើង​មាន​សំណាង​ដែល​មាន​ឪពុក​មា​ម្នាក់​ដែល​ចូល​ចិត្ត​អាជីព​ក្នុង​វិស័យ​កសិកម្ម។ ខ្ញុំ​មិន​ដែល​គិត​ថា យើង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ម្រេច​ទេ វា​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​យើង»។

ការ​បង្កើត​ក្រុមហ៊ុន​បាន​ដំណើរការ​ឡើង ក្រោយ​ពេល​អ្នក​ស្រី​មិន​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន​បាន​នាំ​ចេញ​ម្រេច​ទៅ​ទីផ្សារ​អន្តរជាតិ លើក​លែង​តែ​ក្រុមហ៊ុន farm link ltd នៅ​ខេត្ត កំពត​មួយ​ប៉ុណ្ណោះ​។ អ្នក​ស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុង​រយៈ​ពេល ៣ ឆ្នាំ​កន្លង​មក ក្រុមហ៊ុន​របស់​យើង​ទទួល​បាន​ជោគជ័យ​ដោយ​សារ​តែ​យើង​អាច​ដាំ​ម្រេច ច្រើន ហើយ​តម្លៃ​ម្រេច​កើន​ឡើង​ផង​ដែរ»។

តម្លៃ​ពី​សមាគម​កសិករ លើក​កម្ពស់​ម្រេច​កំពត (KPFA) ត្រឹម ១១ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​មិន​ថ្លៃ​នោះ​ទេ ដោយ​សារ​ម្រេច​ទាំង​នោះ​មាន​គុណភាព​ខ្ពស់។ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​អ្នក​ស្រី​បាន​លក់​ក្នុង​តម្លៃ ៣៥ ដុល្លារ​ក្នុង​មួយ គីឡូក្រាម​សម្រាប់​ម្រេច​ខ្មៅ​។ អ្នក​ស្រី​និយាយ​ថា៖ «ពេល​នេះ KFPA មាន​ក្ដី​សប្បាយ​រីករាយ​ជាមួយ​នឹង​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ការ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ខ្លួន ប៉ុន្តែ​ពួកគេ​មិន​សប្បាយ​ចិត្ត​ដោយសារ​ពួកគេ​មិន​មាន​ម្រេច​គ្រប់​គ្រាន់​ដើម្បី​លក់។ ឆ្នាំ​ក្រោយ ខ្ញុំ​គ្រោង​នឹង​ទិញ​ពី​ពួកគេ​ប្រហែល ១០ តោន។ ខ្ញុំ​ជឿ​ថា កសិផល​ម្រេច​ខេត្ត កំពត​នឹង​ទទួល​ជោគជ័យ​ដោយ​សារ​តែ​ខ្ញុំ​អាច មើល​ឃើញ​ថា​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆមាស​នោះ​ទេ ខ្ញុំ​មិន​មាន​កសិផល​ម្រេច​សម្រាប់​ការ​លក់​តាម​ការ​បញ្ជា​ទិញ​ពី​បរទេស​នោះ​ទេ»។

ភាគ​ច្រើន​នៃ​ម្រេច​របស់​ក្រុមហ៊ុន​អ្នក​ស្រី ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស អាល្លឺម៉ង់ កាណាដា អាមេរិក បារាំង អង់គ្លេស រុស្ស៊ី និង អូស្ដ្រាលី ដែល​មាន​ចំនួន​ប្រហែល​ពី ៧ ទៅ​ដល់ ៨ តោន​។

ថ្មីៗ​នេះ ហ៊ីម អាណា បាន​ដំណើរការ​ហាង​ចំនួន ៣ នៅ​ទីក្រុង ភ្នំពេញ សៀមរាប និង កំពត ក្នុង​ការ​ដាក់​បង្ហាញ​ផលិតផល​កសិកម្ម ភាគ​ច្រើន​ក្នុង​ចំណោម​ផលិតផល​ទាំង​នោះ​គឺ​ម្រេច​កំពត។ អ្នក​ស្រី​ក៏​បាន​ផ្តល់​ការងារ​ចំនួន​ប្រហែល ៤០ នាក់ ក្នុង​នោះ ២៥ នាក់​ធ្វើ​ការ​នៅ​ចម្ការ​ម្រេច និង ១៥ នាក់​ធ្វើ​ការងារ​ផ្នែក​វេច​ខ្ចប់​នៅ​ភ្នំពេញ។ កម្មករ​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី ៧៥ ដុល្លារ​ដល់ ១៧០ ដុល្លារ។ អ្នក​ស្រី​បន្ត​ថា៖ «យើង​មាន​ជំនឿ​ចិត្ត និង​មោទនភាព​យ៉ាង​ខ្លាំង​សម្រាប់​ម្រេច​យើង។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​ម្រេច​យើង ហើយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ជន​បរទេស»៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: