ក្រុម​ហ៊ុន​ដី​សម្ប​ទា​ន​សម្រុក​កា​ប់​ឈើ

ប្រភព Postkhmer.com : ភ្នំពេញៈ យ៉ាង​ហោច​ណាស់​ ក៏​មាន​ក្រុម​ហ៊ុន​ដែល​​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ជាង​១២ក្រុម​ហ៊ុន និងក្រុម​ឈ្មួ​ញ​ឈើ​ឱកាស​និយម​ជា​ច្រើន​នាក់​ បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត យ៉ាង​អនា​ធិប​តេយ្យ​ដោយ​ចំហ នៅ​ក្នុង​ខេត្ត​ចំនួន​ ៩​ ដោយ​គ្មាន​ការ​​ទប់​ស្កាត់ ​ពីសំណាក់​សមត្ថ​កិច្ច​ នៅ​ក្នុង​អំឡុង​មុន​ពេល ​និង​ក្រោយ​ពេល​បោះ​ឆ្នោត​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការ​ណ៍រួម​មួយ​​របស់​ក្រុម​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។

សេចក្តី​ថ្លែង​ការ​ណ៍រួមរបស់​ក្រុម​សកម្ម​ជន ​ការ​ពារ​ព្រៃ​ឈើ មាន​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា និង​បណ្តាញ​យុវ​​ជន​កម្ពុជា បាន​រក​ឃើញ​ថា ភាគី​ដែល​ពាក់​ព័ន្ធ នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​រយៈពេល​មុន និង​ក្រោយ​បោះ​ឆ្នោត​នោះ​ គឺ​ជា​ក្រុម​ហ៊ុន ដែល​​បាន​ទទួល​ដីសម្បទាន​សេដ្ឋ​កិច្ច​ ពី​រដ្ឋា​ភិបាល​ នា​ពេល​កន្លង​មក​ មាន​ដូច​ជា ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា​ ទី្រ ភាព​ ក្រុម​ហ៊ុន ​វៀត​ណាម CRCK នៅ​ខេត្ត​កំពង់​ធំ​ ដែល​ពង្រីក​ការ​កាប់​ឈើ​​​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។​ ក្រុម​ហ៊ុន​ហ៊ង​អាន​ម៉ាង​យ៉ាង​ខេបាន​កាប់​បំផ្លា​ញ​ព្រៃ​ឈើ នៅ​ស្រុក​វ៉ឺន​សៃ​ ខេត្ត​រតនគិរី​។

ក្រុម​ហ៊ុន​ First Biotech Co., Ltd​ កំពុង​កាប់​និង​ឈូស​ឆាយ​ព្រៃ​ឡង់​នៅ​ខេត្ត​ក្រចេះ។ ក្រុមហ៊ុន​ Ang and Associate Lawyer កំពុង​កាប់​ឈើ​នៅ​អាង​ទន្លេ​សេ​សានរបស់​គំរោង វារី​អគ្គិសនី Lower Sesan II។ ក្រុម​ហ៊ុន​ Timber​ Green Co.,Ltd កំពុង​កាប់​ឈើ​នៅ​អាង​វារី​អគ្គិសនី​ខេត្ត​កោះ​កុង។ ក្រុម​ហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុណ្ណា​ នៅ​រតនគិ​រី ដែ​ល​មាន​មេ​ការ ឈ្មោះ​ សាន​ ចយ​ កំពុង​ដឹក​ឈើ​យ៉ាង​គគ្រឹក​គគ្រេង។

ក្រុម​ហ៊ុន​ TTY ​កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ការ​ពារ​ជីវ​ចម្រុះ​ស្នួល។ ក្រុម​ហ៊ុន​ Binh Phuoc Rubber I, Binh Phuoc Rubber I​I​ និង​​ Astern Rubber Cambodia កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​ស្រុក​ស្នួល។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ ក្រុម​ហ៊ុន​ទាំង​នោះមាន​ឧកញ៉ា ជា​ថៅ​កែ​ក្រុម​ហ៊ុន មន្ត្រី​ទា​ហាន មន្ត្រី​ប៉េអឹម ក្រុម​ឈ្មួញ​​ឈើ​ជនជាតិ​ខ្មែរ និង​វៀត​ណាម ថៅ​កែ​សិប្ប​កម្ម​កែ​ច្នៃ​ឈើ និង​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ជា​ដើម ជា​ពិសេស​សកម្ម​ភាព​ស្វែង​រក​និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង ក៏បាន​កក្រើ​ក​ឡើង ក្នុង​អំឡុង​ពេល​នេះ ដោយ​មិន​មាន​ការ​ញញើត​អ្វី​ទាំង​អស់។

សេចក្តី​ថ្លែង​ការណ៍​ បាន​​ឲ្យ​ដឹង​ទៀត​ថា​៖«យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភណ៍​ថា ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​ការ​បាត់​បង់ វិនាស​ហិន​ហោច​ទាំង​ស្រុង​ ក្នុង​រយៈពេល​ខ្លី​ខា​ង​មុខ​នេះ ដោយ​សារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិ​បាល ដែល​កំពុង​មមា​ញឹក​នឹង​ការ​ងារ​នយោ​បាយ​ជាប់​គាំង​»។

កា​រ​ដឹក​ជញ្ជូន​ឈើ​ចេញ​តាម​ច្រក​អន្តរជាតិ​សំខាន់ៗ មាន​ដូច​ជា ច្រក​អូរ​យ៉ា​ដាវ ច្រក​អន្លង់​ជ្រៃ ច្រក​ថ្ម​ដា ច្រក​កំពង់​សោម ច្រក​ដូង​ប្រាំ​ពីរ​ដើម ច្រក​កំពង់​ជ្រៃ តាម​ផ្លូវ​ទន្លេ និង​សមុទ្រ​ជា​ដើម​។ សេច​ក្តី​ថ្លែង​ការណ៍​​គូស​បញ្ជាក់​ថា វិនា​ស​កម្ម​ព្រៃ​ឈើ ឃើញ​មាន​នៅ​តំបន់​ព្រៃ​ការ​ពារ តំបន់​អភិរក្ស​សត្វព្រៃ និង​ជីវ​ចម្រុះ តំបន់​ឧទ្យាន​ជាតិ ក្រៅ​ពី​តំបន់​នោះ ក៏​ឃើញ​មាន​ការ​លួច​ចូល​កាប់​ឈើ​គ្រញូង នៅ​ក្នុង​សាលា​រៀន​ (ខេត្ត​កំពង់​ឆ្នាំង) និង​ តំប​ន់​ឧទ្យាន​ជាតិ​អង្គរវត្ត​ ដែល​ការ​ពារ​ដោយ​អាជ្ញាធរ​អប្សរា​ថែម​ទៀត​ផង។

សេចក្តី​ថ្លែង​ការណ៍​​បន្ត​​ថា​​៖​«មូល​ហេតុ​ចម្បងៗ ​ចំនួន​បី ដែល​ធ្វើ​ឲ្យ​វិនាស​កម្ម​ដល់​ព្រៃ​ឈើ​ខ្លាំង​ជាង​គេ គឺ​ការ​ផ្តល់​សម្បទាន​ដី និ​ង​ព្រៃ​ដល់​ក្រុម​ហ៊ុន​ឯក​ជន ដែល​មាន​​ទំហំ​សរុប ៩ លាន​ហិក​តា ក្នុង​នោះ​សម្ប​ទាន​ព្រៃ​ឈើ​ចំនួន ១៦​ ក្រុម​ហ៊ុន មាន​ទំហំសរុប ៣ ៣៧៤ ៣២៨ ​ហិក​តា​។ ការ​កាប់​ទន្ទ្រាន​របស់​ក្រុម​ឈ្មួញ ក្រុម​ហ៊ុន​សម្ប​ទាន​ព្រៃ​ឈើ​កន្លង​មក និងក្រុម​​ឈ្មួញ​រក​ស៊ី​ឈើ ដែល​ល្បី​ឈ្មោះ​ ដូច​ជា​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា​ទី្រ​ ភាព​ជា​ដើម»។​

ក្រុម​ហ៊ុន​របស់​ឧកញ៉ា​ ទី្រ ភាព បាន​សាងសង់​រោង​ចក្រ​ស្តុក​ឈើ នៅ​វាល​វែង​ នៅ​ថ្ម​ដា​នៅ​តំបន់​បឹង​ពែរ ទន្លេ​ម្រេច  (ស្រុក​រវាង ខេត្ត​ព្រះ​វិហារ) នៅ​ខេត្ត​រតន​គិរី (តំប​ន់​សេដ្ឋ​កិច្ច​ពិសេស)​ នៅ​ស្ទឹង​ត្រែង​អន្លង់​ភេ និង​កន្លែង​ស្តុក​ឈើ​មួយ​កន្លែង​ទៀត នៅ​ត្មាត​ពង ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ ព្រម​ទាំង​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បន្ត​ទៅ​កាន់​ប្រទេស​វៀត​ណាម និង​ថៃ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​៖«​ក្រុម​ហ៊ុន​មួយ​នេះ បាន​ធ្វើ​អាជី​វកម្ម​ឈើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​ការ​បង្ក្រាប និង​មាន​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិ​បាល​ជួយ​ការ​ពារ​ថែម​ទៀត​ផង​»។

លោក គឹម សាន អ្នកមើលការ​ខុស​ត្រូវ​ចម្ការកៅ​ស៊ូ និង​ម្រេច​របស់​​ក្រុម​ហ៊ុន​លោក ឧក​ញ៉ាទ្រី​ភាព​ នៅ​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ​​បាន​ច្រាន​ចោល​ ចំពោះ​ព័ត៌​មាន​ទាំង​នេះ ដោយ​ថា ជា​ការ​លាប​ពណ៌​ខុស​ពី​ការ​ពិត​។

លោក​​​ថ្លែង​ថា​៖​«​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្ប-​ទាន​ពីរដ្ឋា​ភិបាល​ ហើយ​យើង​បង់​ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ​។ នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​អញ្ជើញ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ទៅ​មើលការ​អនុវត្ត​របស់​ក្រុម​​ហ៊ុន​ខ្ញុំ​ម្តង កុំ​ឲ្យ​ចេះ​តែ​លាភ​ពណ៌»។

លោកឧកញ៉ា ណា ម៉ារឌី អគ្គនា​យក​ក្រុម​ហ៊ុន TTY លោក ហេង សារ៉ាត់​ អគ្គ​នាយក​រង​ក្រុម​ហ៊ុន TTY ​​អ្នក​ស្រី ខៀវ សស៊ី​លា​ភ​ ម្ចាស់​ភាគ​ហ៊ុន​ធំ នៃ​ក្រុម​ហ៊ុន Timber Green និង​តំណាង​ក្រុម​ហ៊ុន​ Binh Phuoc  Rubber I, Binh Phuoc  Rubber II ​មិន​អាច​​ទាក់​ទង​ ដើម្បី​សុំធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​។

លោក ថេង សាវឿន អ្នកសម្រប​សម្រួល​លេខា​ធិកា​រដ្ឋាន​ សម័្ពន្ធ​សហគមន៍​កសិករ​កម្ពុជា​​ដែល​ចូល​រួម​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​នេះ បាន​​ឲ្យ​ដឹង​ថា​ ​តាម​ការរក​ឃើញ​ សកម្ម​ភាព​កាប់​ព្រៃឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ គឺ​កើន​ឡើង​យ៉ាង​ខ្លាំងនៅ​ក្នុង​អំឡុង​​ពេល​​យុទ្ធនាការ​​ឃោស​នា និង​ក្រោយ​ការ​បោះ​ឆ្នោត​ ដោយ​សមត្ថកិច្ច មិន​​ត្រឹម​តែ​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​នោះ​ទេ ថែម​ទាំង​ ចូល​ដៃ ដើម្បី​ទទួល​បាន​ផល​ប្រយោ​ជន៍​ថែម​ទៀត។

លោក​​និយាយ​ថា​​៖«​រដ្ឋា​ភិបាល ​ត្រូវ​​តែ​ជំរុញ​​មន្ត្រី​របស់​ខ្លួន ​ចុះ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់ពេល​វេលា​ ​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​ មិន​ត្រូវ​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​ឈើ​ ដើម្បី​ទទួល​លាភ​សក្ការៈនោះ​ទេ។ អ្វី​ដែល​យើង​លើក​ឡើង​នោះ គឺ​ពុំ​មែន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន ​ឬក៏​អាជ្ញាធរ​ទេ​ តែ​យើង​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ ដូ​ច​ជា​រូប​ភាព​នៃ​ការ​បំផ្លាញ​ព្រៃ​ឈើជា​ដើម​»។

លោក សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បាន​បដិសេធ​សេច​ក្តី​រាយការណ៍នេះ​ថា​ជា​ការ​មិន​ពិត។ ​ប៉ុន្តែ​លោក​និយាយ​ថា​៖«អា​ឈើ​គេ​ដឹក​អាណា​មាន​ច្បាប់​គេ​ដឹក​ទៅ​ អាណា​អត់​ច្បាប់​គេ​បង្ក្រាប​ទៅ​ កន្លង​មក​យើង​ធ្វើ​តែ​អ៊ីចឹង​​តើ​»។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ សមាគមការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​ថ្លែង​ថា​បទ​ល្មើស​នៃ​វិនាស​កម្មព្រៃ​ឈើ​នេះ​វា​បាន​កើត​ឡើង​ខ្លាំង​ឡើងៗ​។ ​«​បច្ចុប្បន្ន​​យើង​ឃើញ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន ​កំពុង​ផ្តោត​ទៅ​លើ​ឧកញ៉ា​មួយ​ចំនួន ​ដែល​​​ឆ្លៀត​យក​រថ​យន្ត​កង​កម្លាំង​ ទៅ​ដឹក​ឈើ​​ ហើយពួក​គេ​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ហាម​ឃាត់»។

កាល​ពីថ្ងៃ​ទី​ ២២​ ខែ​កុម្ភៈ ឆ្នាំ ២០១៣ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា ០២ បប ស្តី​ពី​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ និង​បង្រ្កាប​ការ​កាប់​ ការ​ដឹក​ជញ្ជូន​ ការ​ប្រមូល​ ការ​​ស្តុក​ទុក​និង​ការ​នាំ​ឈើ​គ្រញូង​ចេញ​ ដោយ​សម្រេច​លើ​ ៩ ចំណុច​ ដែល​នៅ​ក្នុង​ចំណុច​ទី​ ១ ក្នុង​កថា​ខណ្ឌទី​ ២​ បាន​លើក​ឡើង​ថា​ ករណី​មាន​ការ​ដឹក​ឈើ​​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​ភូមិ​សាស្ត្រ​ឈរ​ជើង​របស់​អង្គភាព​​សមត្ថ​កិច្ច​ណា​មួយ​ មេបញ្ជាការ​អង្គភាព​នោះ ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រា​ជ​រដ្ឋា​ភិបាល​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: