នំា​ចូល​ឧសថ​ពី​ឥណ្ឌា​មាន​ជាង​$១០​លាន

 

ប្រភពពី Postkhmer.com : ភ្នំពេញៈ ការ​នាំ​ចូល​ឱសថ​របស់​កម្ពុជា​ពី​ប្រទេស​ឥណ្ឌា​ក្នុង​ រយៈពេល​១០​ខែ​ ក្នុង​ឆ្នាំ​២០១៣​នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អាមេរិក។ តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឱសថ​របស់​ប្រទេស​ឥណ្ឌា​បាន​ទទួល​ចំណែក​ទីផ្សារ​យ៉ាង​ធំ​នៅ​ប្រទេស​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​អ្នក​ជំនួញ​ឱសថ​ឥណ្ឌា​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន ​លោក ​ជូ ​យិន​ស៊ីម រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ​នា​ពេល​បច្ចុប្បន្ន មាន​រោងចក្រ​ឱសថ​ជាច្រើន​បាន​មក​វិនិយោគ​នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន​ផលិត​ឱសថ និង​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​ឱសថ​របស់​ប្រទេស​ឥណ្ឌា។

លោក​មាន​ប្រសាសន៍​ថា៖ «​ឥណ្ឌា​បាន​ចូល​មក​វិនិយោគ​យ៉ាង​ច្រើន​លើ​វិស័យ​ឱសថ​នៅក្នុង​ប្រទេស​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ មាន​សហគ្រាស​ផលិត​ឱសថ​ពី​ប្រទេស​ឥណ្ឌា​ចំនួន​ ២១១ ​ហើយ បាន​មក​ចុះ​បញ្ជី​ការ​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ផលិតផល​ឱសថ​របស់​ឥណ្ឌា​ចំនួន​ ៣ ៤៦៦ ​ប្រភេទ ​បាន​ទទួល​លេខ​បញ្ជី​ការ​រួច​ហើយ​ពី​ក្រសួង​សុខាភិបាល»។

ជាមួយ​នឹង​កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱសថ​នៅ​កម្ពុជា​នេះ លោក យិន​ស៊ីម បាន​បញ្ជាក់​ថា ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៣ រហូត​ដល់​ខែ​តុលា​ ទំហំ​នៃ​ការ​នាំ​ចូល​ឱសថ​ពី​ប្រទេស​ឥណ្ឌា​មក​កម្ពុជា​មាន​ទឹកប្រាក់​ ប្រមាណ​ ១០,២​លាន​ដុល្លារ​។ ឱសថ​ភាគច្រើន​ដែល​នាំ​ចូល ​ជា​ឱសថ​សារវ័ណ្ឌ ហើយ​ការ​នាំ​ចូល​ភាគច្រើន​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​ឯកជន​នៅ​ កម្ពុជា។

យោងតាម​ក្រុមហ៊ុន​វាយ​តម្លៃ Brand India Equity Foundation ​ទីផ្សារ​ឱសថ​ឥណ្ឌា​ទំនង​ជា​នឹង​រីកចម្រើន​ក្នុង​អត្រា​កំណើន​ប្រចាំ​ ឆ្នាំ ពី​១៤​ទៅ​១៧ ភាគរយ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៦។ បច្ចុប្បន្ន ​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ឱសថ​លេចធ្លោ​ទាំង​ប្រាំ​របស់​ពិភពលោក។

សម្រាប់​ទីផ្សារ​ឱសថ​ក្នុង​ពិភពលោក ការ​នាំ​ចេញ​ផលិតផល​ឱសថ​ពី​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ពី ៦,២៣​ពាន់​លាន​ដុល្លារអាមេរិក ​ក្នុង​ឆ្នាំ២០០៦-២០០៧ ​ដល់ ​៨,៧ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០០៨-២០០៩ ស្មើ​នឹង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​រួម​គ្នា​ចំនួន ​២១,​២៥​ភាគរយ​។​ យោងតាម ​Price water house Coopers (PWC) ក្នុង​ឆ្នាំ​២០១០ ប្រទេស​ឥណ្ឌា​បាន​ចូលរួម​ក្នុង​ចំណោម​សម្ព័ន្ធភាព​ទីផ្សារ​ឱសថ​សកល​ កំពូល​ទាំង ១០ លើ​ផ្នែក​លក់​ត្រឹម​ឆ្នាំ​២០២០​ ដែល​មាន​តម្លៃ​ស្មើ​នឹង​៥០​ពាន់​លាន​ដុល្លារ​។

លោក ​Sandeep ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា (ICC) បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​ពាណិជ្ជកម្ម​៩០​ភាគរយ មកពី​ឧស្សាហកម្ម​ឱសថ ហេតុដូច្នេះ​ហើយ សភា​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​សម្រេច​ចិត្ត​បង្កើត​ស្ថាប័ន​រង​មួយ​ក្នុង ICC ដែល​មាន​ឈ្មោះ​ថា គណៈកម្មាធិការ​ឱសថ​កម្ពុជា (PCC ​) ដើម្បី​ពិនិត្យ​មើល​បញ្ហា​នានា​ទាក់ទង​នឹង​វិស័យ​ឱសថ​។ PCC កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើឲ្យ​ឧស្សាហកម្ម​ឱសថ​ឥណ្ឌា​ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា៖​ «​ប្រទេស​ឥណ្ឌា គឺជា​ឧស្សាហកម្ម​ផលិត​ឱសថ​ធំ​ជាង​គេ​ទី​បួន​នៅ​លើ​ពិភពលោក និង​ល្បី​ល្បាញ ដោយសារ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​ខ្លួន​ក្នុង​តម្លៃ​ថោកសមរម្យ​។ នេះ​គឺជា​មូលហេតុ​តែ​មួយ​គត់​ដែល​យើង​ឃើញ​ផលិតផល​ឥណ្ឌា​កំពុង​ត្រូវ​ បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ហើយ​ក៏​សុំ​ឲ្យ​ជន​រួម​ជាតិ​ឥណ្ឌា​ទាំងអស់​ដែល​កំពុង​តំណាង​ឲ្យ​ក្រុមហ៊ុន ​ឱសថ​ឥណ្ឌា និង​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា នាំ​អាជីវកម្ម​ឱសថ​ឥណ្ឌា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ខ្ពស់​បំផុត»។

ទន្ទឹម ​នឹង​ភាព​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​ឱសថ​របស់​ឥណ្ឌា​នៅ​កម្ពុជា មន្ត្រី​ក្រសួង​សុខាភិបាល​លោក ជូ យិន​ស៊ីម ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​ទាំងអស់​ធ្វើ​កិច្ចប្រតិបត្តិការ​ឲ្យ​ កាន់​តែ​ប្រសើរ​ជាមួយ​ក្រសួង​ និង​គោរព​ច្បាប់​នានា​ដើម្បី​ធានា​សុខភាព និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: