សម្តេចតេជោ ហ៊ុន សែន អំពាវនាវម្តងទៀត ឲ្យប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ រក្សាភាពស្ងប់ស្ងៀម និងអត់ធ្មត់ខ្ពស់ ដើម្បីសន្តិភាពតាមព្រំដែន (មានវីដេអូ)

ប្រភព ដើមអម្ពិល

ភ្នំពេញ៖ គ្រាដែលតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ (ICJ) នឹងប្រកាសលទ្ធផល នៃការបកស្រាយឡើងវិញ សាលដីកាឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធការពារព្រំដែន បន្តរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ឲ្យបានខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខ សន្តិភាព តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

តាមរយៈវីដេអូរយៈពេល ១១ និង៣០នាទីពីក្នុងលំនៅដ្ឋាន ដែលចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ នា យប់ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឡើងអំពីសារបាន នៃការ ឈ្លានពានរបស់កងទ័ពសៀមចូលកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរនៅឆ្នាំ១៩៥៤។

សម្តេចក៏បានលើកឡើងពីប្រវត្តិ នៃដំណើរការតស៊ូមតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈយន្តការតុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ តាមព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ រហូតតុលាការបានសម្រេចឲ្យខ្មែរក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ និង តំបន់ជុំវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ក្រោយការឈ្លានពានជាញឹកញយពីកងទ័ពសៀម រហូតដល់មានការផ្ទុះអាវុធបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ និងតួប្រាសាទយ៉ាងធ្ងន់ធ្ងរនោះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ កម្ពុជាបាន ជ្រើសយកយន្តការតស៊ូមតិទៅតុលាការអន្តរជាតិឡាអេ ដោយបានស្នើឲ្យតុលាការអន្តរជាតិមួយបកស្រាយឡើង វិញ នូវសាលដីកាឡាអេឆ្នាំ១៩៦២ ដើម្បីបញ្ចៀសការផ្ទុះអាវុធដាក់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលដីកាឆ្នាំ១៩៦២នេះ គឺមិនមែន ដើម្បីដុតបំពកបន្ថែមនូវជម្លោះ ឬមហិច្ឆិតាដណ្តើមទឹកដី ពី ប្រទេសជិតខាងនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលយល់ថា ចំណាត់ការនេះ ជាមធ្យោបាយមួយ ប្រកបដោយ ប្រសិទ្ធភាព និងចាំបាច់បំផុត ដើម្បីភាគីទាំងពីរអាចឈានទៅបញ្ចប់បញ្ហានេះ បានដោយសន្តិវិធី ក្នុងស្មារតីគោរព ច្បាប់អន្តរជាតិ ការគោរអធិបតេយ្យជាតិ បរណភាពទឹកដីទៅវិញទៅមក និងរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អ»។

សម្តេចក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការខិតខំកសាងនូវខ្សែបន្ទាត់ ព្រំដែនមួយច្បាស់លាស់ និងប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ។

ពាក់ព័ន្ធលើបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា សម្តេច និងលោកស្រី យ៉ីងឡាក់ ស៊ីណាវាត្រា នាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ មានជំហរ ស្របគ្នា ក្នុងការរក្សាសន្តិភាពតាមបន្ទាត់ព្រំដែន ទោះបីសាលក្រមរបស់ ICJ នៅថ្ងៃទី១១ ខែវិច្ឆិកា ចេញមកយ៉ាង ណាក៏ដោយនោះ។

សម្តេចបញ្ជាក់យ៉ាងដូច្នេះ «បើទោះបីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំងពីរ ត្រូវតែគោរពតាមសេចក្តីសម្រេចនេះ ហើយខិតខំរក្សា ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាព នៅតាមបណ្តោយព្រំដែន»។

សម្តេចនាយករដ្ឋមន្រ្តី បានទទូចដល់កងកម្លាំងប្រដាប់អាវុធថា «ក្នុងន័យនេះ ខ្ញុំ ព្រះករុណាខ្ញុំ សូមអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សុំរក្សាភាពស្ងប់ស្ងាត់ ប្រកាន់ការ អត់ធ្មត់ និងជៀសវាងសកម្មភាពទាំងឡាយណា ដែលអាចបង្កភាពតានតឹង និងប៉ះទង្គិចគ្នាជាយថាហេតុ»។

សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ឲ្យបន្តរក្សាភាពស្ងប់ស្ងៀម បន្តចូលរួមរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស ក៏ដូចជាបន្តរក្សា និងលើកកម្ពស់ស្មារតីនៃទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាព ភាពសុខដុមរមនា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ដើម្បីប្រយោជន៍រួម នៃប្រជាជាតិទាំងសងខាង។

សូមបញ្ជាក់ថា ការចេញមកអំពាវនាវម្តងហើយម្តងទៀត របស់សម្តេចតេជោ ហ៊ុន សែន ឲ្យប្រជាពលរដ្ឋ និងកង កម្លាំងប្រដាប់អាវុធរក្សាភាពស្ងប់ស្ងាត់នេះ បានធ្វើឡើងនៅក្រោយពេលដែលបញ្ហាសំណុំរឿងប្រាសាទព្រះវិហារ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងទាំងភាគីកម្ពុជា និងភាគី គ្រាដែលលទ្ធផល នៃការបកស្រាយសាល ក្រមឡាអេឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហារនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ សប្តាហ៍ ក្រោយនេះ៕

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: