ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​ពីរ​បទ​ដែល ព្រាប សុវត្ថិ​​នឹង​យក​ទៅ​សម្ដែង​នៅ​ជប៉ុន

ប្រភពពី News.sabay.com.kh : ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ​ពីរ​​បទ​មិន​ចម្លង​ពី​បរទេស​ ពី​សំណាក់​អ្នក​និពន្ធ​ លោក សួន ពិសិដ្ឋ នឹង​ត្រូវ​បាន​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ​យក​ទៅ​​សម្ដែង​ក្នុង​គម្រប់​ខួប ៤០​ឆ្នាំ ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជប៉ុន-អាស៊ាន នៅ​ចុង​ខែ​នេះ។

 

 

 

 

ចម្រៀង​ទាំង​ពីរ​បទ​ដែល​លោក ព្រាប សុវត្ថិ ត្រៀម​យក​ទៅ​សម្ដែង​ក្នុង​ខួប ៤០​ឆ្នាំ ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជប៉ុន-អាស៊ាន នោះ​គឺ​បទ”kingdom of wonder” ជា​បទ​ញាក់ និង​មួយ​បទ​ទៀត​មាន​ចំណង​ជើង​ថា “យើង​មាន​បេះ​ដូង” ជា​បទ​ធម្មតា។

តាម​ការ​ឱ្យ​ដឹង​ពី ​លោក សួន ពិសិដ្ឋ ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ក៏​ដូច​ជា​បទ​ភ្លេង​សម្រាប់​ឱ្យ​ លោក ព្រាប សុវត្ថិ យក​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នោះ ​គឺ​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដោយ​បាន​រៀបរាប់​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ រួម​ទាំង​សម្បត្តិ​បេតិកភណ្ឌ​ដ៏​សម្បូរ​​បែប​របស់​កម្ពុជា។

អ្នក​និពន្ធ​ឈ្នះ​​ពាន​អាណាចក្រ​តារា​ពីរ​ឆ្នាំ​ជាប់​គ្នា(២០១២ និង២០១៣) រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ តាក់តែង​និពន្ធ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​បរទេស​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់​នូវ​សម្បត្តិ​ បេតិកភណ្ឌ​ដ៏​សម្បូរ​បែប។

អានអត្ថបទ៖ កេរ្តិ៍ឈ្មោះ​ខុស​គ្នា​ឆ្ងាយ តែ​រឿង​ម៉ូដ​សក់​នែ…

ដោយ​ឡែក​កំពូល​តារា​ចម្រៀង ​លោក ព្រាប សុវត្ថិ ធ្លាប់ ​​បាន​បញ្ជាក់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​ថា​ លោក​នឹង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខួប ៤០​ខាង​លើ ​នា​ថ្ងៃ ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៣​នេះ ដោយ​សម្ដែង​រយៈ​ពេល​​ ៤​ថ្ងៃ។

តារា​ចម្រៀង​ឈាន​មុខ​របស់​ផលិតកម្ម​ ហង្ស​មាស​រូប​នេះ ​បន្ថែម​ថា លោក​មាន​មោទនភាព​ក្រៃលែង ក្នុង​ការ​បង្ហាញ​វប្បធម៌​ខ្មែរ​​ដល់​ភ្ញៀវ​កិត្តិយស​ក្នុង​គម្រប់​ខួប ៤០​ឆ្នាំ​ នៃ​ទំនាក់ទំនង ពាណិជ្ជកម្ម ជប៉ុន-អាស៊ាន រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​១០​ផ្សេង​ទៀត។

តារា​ចម្រៀង​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​ដែល​ទៅ​សម្ដែង​ក្នុង​ខួប​ ៤០​ឆ្នាំ​នៅ​ជប៉ុន សុទ្ធសឹងតែ​ជា​តារា​​ល្បី​លំដាប់​ប្រទេស។ ដោយ​ឡែក​កម្ពុជា​លោក ព្រាប សុវត្ថិ ជា​តំណាង​ឱ្យ​កម្ពុជា​ក្នុង​កម្មវិធី​នេះ ដោយ​មហាជន​ទូទៅ​បាន​ចាត់​ទុក​លោក​ថា​ជា​កំពូល​តារា​ចម្រៀង៕

 

អត្ថបទ៖ អ៊ីង សុឡា

Leave a comment