មន្ត្រី​បារម្ភ​ពី​ផល​ប៉ះពាល់​ទេសចរណ៍

ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនាប្រាសាទអង្គរវត្តនា​ពេលកន្លងមក​ ។ ខែក្រោយ​បក្សប្រឆាំង​ គ្រោង​នឹង​ធ្វើបាតុកម្ម​នៅ​តំបន់មុខ​អង្គរវត្ត​​។ រូបថត ហេង ជីវ័ន

ប្រភពពី Postkhmer.com : ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ផល​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស ​នៅ​ខែ​ក្រោយ​នៅ​ខេត្ត សៀមរាប។

រដ្ឋ​មន្ត្រី​ក្រសួង ទេសចរណ៍ លោក ថោង ខុន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ ១០ ធ្នូ អាច​នឹង​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​អ្នក​ជំនួញ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត សៀមរាប បើ​បាតុកម្ម​នោះ​មិន​ដំណើរការ​តាម​អ្វី​ដែល​បាន​ចែង​ក្នុង​ច្បាប់។

លោក​ថ្លែង​ថា៖ «មាន​គេ​ប្រាប់​ខ្ញុំ​ដែរ​ថា មាន Tour ទេសចរណ៍​ខ្លះ ត្រូវ​លុប​ការ​ធ្វើ​ដំណើរ​វិញ ជា​ពិសេស​ខាង វៀតណាម គេ​អត់​មក​ទេ។ នៅ​ទូទាំង​ប្រទេស ភ្ញៀវ​វៀតណាម​មាន​ចំនួន​ច្រើន​ទី​មួយ​មក​ទស្សនា​កម្ពុជា»។

គណៈបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ភ្លាមៗ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​បាន​រៀបចំ​កាល​ពី​ ថ្ងៃ ទី២៨ កក្កដា ដោយ​លើក​ហេតុផល​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​ហើយ​ស្នើ​សុំ​ឲ្យ​ មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស្វែង​រក​ការ​ពិត​ចេញ​ពី​ភាព​មិន ​ប្រក្រតី​ទាំង​នោះ។ ចាប់​ពី​ពេល​នោះ​មក​គណៈបក្ស​ប្រឆំាង​មួយ​នេះ​ក៏​បាន​រៀបចំ​ធ្វើ​បាតុកម្ម​ ជាច្រើន​ដង​នៅ​រាជធានី​ភ្នំពេញ​កន្លង​មក។

ឆ្លើយ​តប​ទៅ​នឹង​ការ​បារម្ភ​ថា ការ​ធ្វើ​បាតុកម្ម​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ភ័យ​ខា្លច​មិន​ហ៊ាន​ចូល ទស្សនា​ប្រទេស​កម្ពុជា​នោះ លោក​ស្រី កែ សុវណ្ណរតន៍ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត សៀមរាប និយាយ​ថា មិន​មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អហិង្សា។

លោក​ស្រី​បន្ត​ថា៖ «វា​អាច​បង្ក​ទៅ​ជា​ហិង្សា​ឬ​អត់​គឺ​អាស្រ័យ​លើ​នគរបាល​និង​អាជ្ញាធរ។ ប្រសិន​បើ អាជ្ញាធរ​និង​នគរបាល​មិន​បង្ហាញ​អំពើ​ហិង្សា​ឬ​សាច់​ដុំ​ដាក់​ប្រជា​ពលរដ្ឋ និង​ក្រុម​បាតុករ​នោះ ការ​ប្រមូល​ផ្ដុំ​តវ៉ា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ហិង្សា​អ្វី​ទាំង ​អស់»។ លោក​ស្រី​លើក​ឡើង​ថា ការ​បង្ហាញ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ ដែល​ជា​មូលហេតុ​បំភ័យ​ភ្ញៀវ​ទេសចរ​នោះ។

លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​លើក​ឡើង​ថា វិស័យ​ឯកជន​កំពុង​ព្រួយ​បារម្ភ​ទាក់​ទង​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​រៀបចំ​ បាតុកម្ម​នេះ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ទំហំ​ប៉ះពាល់​ជាក់​ស្តែង​ថា នឹង​មាន​កម្រិត​ប៉ុន​ណា​នៅ​ឡើយ​ទេ លុះ​ត្រា​ដឹង​ច្បាស់​ពី​ទីតាំង​ជាក់​លាក់​ដែល​នឹង​រៀបចំ​ពី​ព្រឹត្តិការណ៍​ នេះ​ជា​មុន​សិន​។

លោក​បន្ត​ថា៖ «នៅ​ពេល​ដែល​មាន​បញ្ហា​គ្រប់ៗ​គ្នា​គួរ​តែ​អង្គុយ​ជាមួយ​គ្នា​ហើយ​ស្វែង​រក​ ដំណោះស្រាយ​រួម​មួយ​ដើម្បី​ឈ្នះៗ​សម្រាប់​ទាំង​អស់​គ្នា»។ លោក​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​មក​ចរចា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ នយោបាយ​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ពាល់​អវិជ្ជមាន​ណា​មួយ​ដល់​បរិយាកាស​ ពាណិជ្ជកម្ម។

សៀមរាប​គឺជា​ទិសដៅ​ទេសចរណ៍​សំខាន់​នៅ​កម្ពុជា​ដែល​កំពុង​ទាក់​ទាញ​ភ្ញៀវ​ ទេសចរ​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ភ្ញៀវ​ទេសចរ​មក​កាន់​សៀមរាប​បាន​កើន​ឡើង​ដល់ ១,៧ លាន​នាក់​នៅ​ក្នុង​រយៈ​ពេល ១០ ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​។ មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​កំណត់​ទី​តាំង​ធ្វើ​ បាតុកម្ម​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​លោក ថោង ខុន ការ​ប្រមូល​ផ្តុំ​ទំនង​ជា​ត្រូវ​រៀបចំ​នៅ​តំបន់​មុខ​ប្រាសាទ អង្គរ​វត្ត៕ PB

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: