បញ្ជូន​មេចោរ និង​បក្សពួក ពី​ខេត្តរតនគីរី​មកខេត្ត​កំពត ជា​ក្រុមប្លន់​បាញ់សម្លាប់​មនុស្ស

ប្រភពពី កោះសន្តិភាព​ : ខេត្តកំពត ៖ ពិរុទ្ធជន ជាមេចោរប្លន់ប្រដាប់អាវុធ ល្បីឈ្មោះម្នាក់ ដែលធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធ ជាច្រើនករណី នៅក្នុងភូមិសាស្ត្រ ខេត្តកំពត និងខេត្តដទៃទៀត រួមទាំងរាជធានីភ្នំពេញ ផងនោះ ត្រូវបានចាប់ខ្លួន រួមជាមួយបក្ខពួក២នាក់ទៀត ។ ពិរុទ្ធជនជាមេចោរប្លន់ ប្រដាប់អាវុធ ដែលត្រូវសមត្ថកិច្ច ខេត្តរតនគិរី ចាប់ខ្លួនដាក់ពន្ធនាគារ ខេត្តរតនគិរី និងបញ្ជូនមកឱ្យ នគរបាលខេត្តកំពត កាលពីរសៀល ថ្ងៃទី២០ ធ្នូ ឈ្មោះ រស់ ហុក ហៅពេជ្រ និងបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងឈ្មោះ ឃុន ដាណៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ។

តាមចម្លើយសារភាព របស់ពិរុទ្ធជន ជាមេខ្លោងឱ្យដឹងថា ក្រោយពេលខ្លួន និងបក្ខពួកសរុប៥នាក់ ធ្វើសកម្មភាពប្លន់ ដោយរៀបចំគម្រោង ប្លន់មិនបានសម្រេច កាលពីអំឡុងខែសីហា ឆ្នាំ២០១១ នៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ រួចមក ខ្លួនបាន ទៅរស់នៅលាក់ខ្លួន នៅរាជធានីភ្នំពេញ អស់រយៈពេល៩ខែ រីឯបក្ខពួក៤នាក់ទៀត បានបែកគ្នាអស់ ។ ក្រោយមក ខ្លួនឮដំណឹងថា បក្ខពួករបស់ខ្លួនដែលបែកគ្នាទាំង៤នាក់ (ស្រី២នាក់) ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ ឌុល ហៅឆាង ។ នៅពេលខ្លួន ទៅស្នាក់នៅរាជធានីភ្នំពេញ រយៈពេល៩ខែនោះ ខ្លួនបានទាក់ទង បក្ខពួក២នាក់ទៀត ដើម្បីធ្វើសកម្មភាពលួច និងប្លន់នៅរាជធានីភ្នំពេញ ។ បក្ខពួក២នាក់នោះ ម្នាក់ឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឃុន ដាណៃ ។ នៅថ្ងៃទី១២ ធ្នូ ខ្លួន និងបក្ខពួក បានធ្វើដំណើរទៅកាន់ខេត្តរតនគិរី ស្នាក់នៅផ្ទះសំណាក់ក្នុងខេត្តរតនគិរីអស់មួយយប់ លុះនៅយប់ថ្ងៃទី១៣ ធ្នូ ក៏ត្រូវកម្លាំង សមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនទាំង៣នាក់ រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត តាំងពីពេលនោះមក ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត មានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២០ ធ្នូ ថា ពិរុទ្ធជនទាំង៣នាក់ ដែលលោកដឹកនាំ កម្លាំងទៅទទួលយក ពីពន្ធនាគារខេត្តរតនគិរី មកនាពេលនេះ មានម្នាក់ជាមុខសញ្ញា ចោរប្លន់ធ្លាប់ធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធជាច្រើនករណី ក្នុងខេត្តកំពត និងខេត្តដទៃទៀត នាពេលកន្លងទៅ ។ ករណីដែលកម្លាំងសមត្ថកិច្ចខេត្តរតនគិរីឃាត់ខ្លួនជនទាំង៣នាក់នេះបាន គឺនៅពេលមានកើត ករណីប្លន់ នៅក្នុងខេត្តនោះ មួយកន្លែង ។ លោកស្នងការរង មានប្រសាសន៍បន្តថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានសាកសួរជនទាំង៣នាក់នោះ ទើបដឹងថា ក្នុងចំណោមពួកគេនេះ ឈ្មោះ រស់ ហុក ហៅពេជ្រ គឺជាមុខសញ្ញា ដែលមានឈ្មោះ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ រកចាប់ខ្លួន ជាយូរមកហើយ (មុខសញ្ញាចោរប្លន់) ទើបសមត្ថកិច្ចខេត្តរតនគិរីទាក់ទងមកសមត្ថកិច្ចនគរបាលខេត្តកំពត ។ ក្រោយពីបានដឹង ព័ត៌មានខាងលើ ទើបខាងស្នងការដ្ឋាននគរបាល ខេត្តកំពត ស្នើឡើងទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីបញ្ជូនពិរុទ្ធជន ទាំង៣នាក់ រួមមានមេខ្លោងចោរប្លន់ក្នុងចំណោមនោះផងមក សាលាដំបូងខេត្តកំពត ដើម្បីសាកសួរបន្ត នូវករណីជាច្រើន ដែលពិរុទ្ធជនធ្លាប់ធ្វើសកម្មភាពប្លន់នាពេលកន្លងមក និងដើម្បីចាត់ការតាមនីតិវិធី ។

គួររំលឹកថា កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១១ មានករណីរៀបចំគម្រោងប្លន់មួយ តែមិនបានសម្រេច ។ ពេលបែកការណ៍ ក្រុមចោរ ទាំង៥នាក់ (ស្រី២ ប្រុស៣នាក់) ដែលក្នុងនោះក៏មានឈ្មោះ រស់ ហុក និងឈ្មោះ ឆាង ដែលបានចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង ហើយពេលនោះបានបាញ់ប្រជាពលរដ្ឋជាជីដូន និងចៅស្រីអាយុ៧ឆ្នាំ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ មុនពេលក្រុមនេះរត់គេចខ្លួន និងទើបតែពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: