អ្នកជំនាញ បកស្រាយអំពីអាថ៌ កំបាំង ថាតើមានរឿងហេតុអ្វី ដែល អាចកើតឡើងចំពោះ ជើង ហោះហើរ MH370 ដែលបាន បាត់នោះ?

ប្រភពពី Khmerload.com : យន្តហោះ Boeing 777 ជាយន្តហោះធំ សម្រាប់ដឹកអ្នកដំណើរ មួយប្រភេទ ដែលទទួលបានការជឿទុកចិត្ត ជាងគេបំផុតមួយ នៅលើពិភពលោក ប៉ុន្តែ នាពេលថ្មីៗកន្លងទៅនេះ បែរជាមានឧបទ្ទវហេតុ បាត់យន្តហោះប្រភេទ Boeing 777 នេះ មួយគ្រឿង ពីប្រព័ន្ធរ៉ាដា ទៅវិញ ដោយមិនទាន់មាននរណា អាចដឹងពីមូលហេតុ នៃការបាត់ដំណឹងសូន្យឈឹង និង គ្មានដានអ្វីសោះនេះ នៅឡើយទេ។

យន្តហោះ Boeing 777-200ER ហោះហើរពីទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន បានបាត់ខ្លួនអស់រយៈពេល ៥ថ្ងៃមកហើយ ដោយមានមនុស្សលើនោះ ចំនួន ២៣៩នាក់ ដោយរួមមាន អ្នកដំណើរ ២២៧នាក់ និង បុគ្គលិកយន្តហោះ ចំនួន ១២នាក់។

តើមានរឿងហេតុអ្វី បានកើតឡើងទៅលើ ជើងហោះហើរ MH370 របស់អាកាសចរណ៍ ម៉ាឡេស៊ី នោះ? តើយន្តហោះនោះ ត្រូវគេបំផ្ទុះគ្រាប់បែក? មានបញ្ហាបច្ចេកទេស ឬ ខូចម៉ាស៊ីន? ត្រូវគេប្លន់ ឬក៏យ៉ាងណាទៅវិញ? យ៉ាងណាមិញ ទាំងនេះ នៅតែជាចម្ងល់ ដែលមិនទាន់អាចបកស្រាយ និង ពន្យល់បាន ថាមានរឿងអ្វីកើតឡើងឲ្យប្រាកដ នៅឡើយ។

តែទោះជាយ៉ាងណា អ្នកជំនាញ បានធ្វើការបកស្រាយ ទៅលើកត្តាដែលអាចទៅរួច មួយចំនួន ទាក់ទងនឹងនឹងករណីនេះ ៖

១. ម៉ាស៊ីនយន្តហោះ មិនដំណើរការ?

ផ្កាយរណប ធ្លាប់ចាប់បាននូវ វត្ថុគួរឲ្យសង្ស័យម្យ៉ាង ស្ថិតក្នុងតំបន់ដែលយន្តហោះ បានបាត់ខ្លួននោះ។ រូបភាព ដែលថតបាន ជាបំណែកវត្ថុអណ្តែត នៅលើផ្ទៃទឹក ស្ថិតនៅជិតផ្លូវដែលយន្តហោះ ត្រូវធ្វើដំណើរ។ តែអ្នកជំនាញម្នាក់ បានលើកឡើងថា បើសិនជាយន្តហោះ ពិតជាធ្លាក់ចូលសមុទ្រមែននោះ វាច្បាស់ជាមាន បំណែកស្រាលៗជាច្រើន នឹងអណ្តែតពេញផ្ទៃទឹក ជាពិសេស របស់ផ្សេងៗដែលនៅក្នុងយន្តហោះនោះ ហើយវាមិនអាចដែល ផ្នែកសំខាន់ៗ របស់យន្តហោះ អាចអណ្តែតទឹកបាននោះទេ វាច្បាស់លិចបាត់អស់ ព្រោះថាមានទម្ងន់ធ្ងន់។ តែវត្ថុក្នុងរូបភាពដែលថតបាននោះ មិនអាចឲ្យយើងប្រាកដបានថា ជាបំណែក របស់យន្តហោះឡើយ ព្រោះបើតាមមើលទៅ យ៉ាងហោចណាស់ វត្ថុនោះ ក៏មានប្រវែង ១២ម៉ែត្រ ទៅ ២១ម៉ែត្រ ដែរ។

អ្នកជំនាញខ្លះ បាននិយាយថា មួយវិញទៀត ក្នុងករណីដែល យន្តហោះជួបបញ្ហានឹង ប្រព័ន្ធថាមពល ក៏នៅមានប្រព័ន្ធថាមពលជំនួយមួយប្រភេទ បង្កើតឡើង សំរាប់ពេលជួបបញ្ហាផងដែរ ដែលអាចប្រើបានរយៈពេល ប្រហែល១ម៉ោង ផងដែរ។ រយៈពេលនេះ អ្នកបើកយន្តហោះ គួរតែ អាចស្វែងរកតំបន់ ដែលខ្លួនស្គាល់ ដើម្បីធ្វើការចុះចត នៅក្នុងទីតាំងណាមួយបាន។ ហេតុនេះហើយការជិះវិលបក ត្រឡប់ក្រោយវិញ អាចជាចំនុចសមស្របមួយដែរ ហើយរយៈពេលមួយម៉ោងក្រោយ យន្តហោះ Boeing-777 នោះអាចនឹងហោះលែងរួច នៅពាក់កណ្តាលផ្លូវ។

គួររំលឹកដែរថា យន្តហោះដែលបាត់ខ្លួននោះ ធ្លាប់ជួបប្រទះបញ្ហាស្លាប កាលពីមុន តែត្រូវបាន ក្រុមហ៊ុន Boeing ធ្វើការជួសជុលរួចរាល់ និង អាចហោះហើរវិញបាន ជាធម្មតា។ ដូចនេះ វាអាចមានភាគរយ ដែលថាយន្តហោះ បានទទួលរងគ្រោះថ្នាក់ ពីការខូច កាលពីគ្រាមុននោះ។

. យន្តហោះ ត្រូវបានគេប្លន់?

មកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ បញ្ជាក់ថា យន្តហោះ ត្រូវបានគេប្លន់នោះទេ។ តែមានមនុស្សមួយចំនួន បាននិយាយថា ដោយសារតែយន្តហោះ មានបញ្ហា ជាមួយនឹងម៉ាស៊ីន ទើបមិនអាចអោយអ្នកបើកយន្តហោះ មានលទ្ធភាព ដើម្បីរាយការណ៍ពីបញ្ហាបាន។

យ៉ាងណាមិញ យន្តហោះមានប្រព័ន្ធអេឡិចត្រូនិច ជាច្រើន ដូច្នេះ អាចនឹងមាននរណាម្នាក់ បានលួចបិទ ឬ កាត់ផ្តាច់ ឲ្យមានបញ្ហា ដោយចេតនា។

៣. កំហុសរបស់អ្នកបើកយន្តហោះ?

ច្រើនថ្ងៃកន្លងមកនេះ មិនទាន់មានការចង្អុលបង្ហាញណាមួយ អាចបញ្ជាក់ថា ការបាត់ខ្លួនរបស់យន្តហោះ បានកើតមានឡើង ដោយសារតែ កំហុសរបស់អ្នកបើកបរ នៅឡើយនោះទេ។

អ្នកជំនាញខ្លះទៀត បានធ្វើការប្រៀបធៀប ជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ជាមួយនឹង ជើងហោះហើរ ៤៤៧ របស់បារាំង ដែលបានធ្លាក់ កាលពីឆ្នាំ ២០០៩ ដោយសារតែជួបជាមួយនឹងព្យុះ នៅមហាសមុទ្រ អាត្លង់ទិក ខណៈធ្វើដំណើរ ចេញពីប្រទេសប្រេស៊ីល ទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំង។ ក្នុងការស្រាវជ្រាវ អស់រយៈពេល ២ឆ្នាំ គេបានរកឃើញ បំណែករបស់យន្តហោះ នៅផ្ទៃបាតសមុទ្រ និង បានរកឃើញ ប្រអប់សម្លេងទៀតផង។ ក្រុមស៊ើបអង្កេតបារាំង បានធ្វើការស្តីបន្ទោសទៅលើ អ្នកបើកយន្តហោះ ដែលស្តាប់ខុស អំពីស្ថានភាពមិនអំណោយផល នាពេលនោះ។

៤. មានការវាយប្រហារភេវរកម្ម?

ទោះបីជាមានការរកឃើញថា អ្នកដំណើរ២នាក់ បានឡើងជិះលើយន្តហោះនោះ ដោយប្រើលិខិតឆ្លងដែន ដែលពួកគេបានលួចយកពីអ្នកដទៃ ក៏ពិតមែន តែក្រុមអ្នកស៊ើបអង្កេតរបស់ម៉ាឡេស៊ី បាននិយាយថា មិនទាន់មានភស្តុតាង ណាមួយ អាចបញ្ជាក់ថា ពួកគេទាំងពីរនាក់ ដែលធ្វើដំណើរលើនោះ មានការជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងក្រុមភេវរកម្ម ណាមួយនៅឡើយនោះទេ។ ក្នុងនោះ ប៉ូលីសអន្តរជាតិ អង់ទ័រប៉ូល (Interpol) ក៏បានថ្លែងឲ្យដឹង ស្រដៀងគ្នានេះដែរថា៖ “ ព័ត៌មានដែលពួកយើងទទួលបាន យើងសូមធ្វើការសន្និដ្ឋានថា មិនមែនជាឧប្បតិហេតុ កើតឡើងដោយពួកភេវរករ នោះឡើយ” ។

យ៉ាងណាមិញ សំរាប់ ភ្នាក់ងារ CIA វិញ នៅតែមានការសង្ស័យ លើករណី ភេវរកម្ម និង នៅតែស៊ើបអង្កេត លើករណីបាត់យន្តហោះ យ៉ាងអាថ៌កំបាំងនេះ បន្តទៀត។

ចំណុចមួយទៀត មានការលើកឡើងថា យន្តហោះអាចនឹងត្រូវបានផ្ទុះ ទើបធ្វើឲ្យបាត់សញ្ញា ពីរ៉ាដា យ៉ាងដូច្នេះ ហើយចំនុចដែលយើងមិនអាចទាន់ដឹងបាននេះ វាអាចមកពីកត្តា ឬ ករណី ថ្មីអ្វីមួយ ដែលមិនធ្លាប់មានពីមុនមក៕

ប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ ចំពោះករណីនេះ?

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: